កិច្ចប្រជុំក្រុមការងារ «ខ» ផ្នែកទេសចរណ៍ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានចាប់ផ្តើមពិគ្រោះ ពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដែលមានតំណាងក្រសួងទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ, តំណាងសមាគម, សភាពាណិជ្ជកម្មអ៉ឺរ៉ុប, ព្រមទាំងតំណាងមកពីក្រុមហ៊ុនក្នុងវិស័យទេសចរណ៍។
កិច្ចប្រជុំកាលពីថ្ងៃពុធ ទី២៥ ខែតុលាម្សិលមិញនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដឹកនាំដោយលោក សុខ សុកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានក្រុមការងារ «ខ» តំណាងផ្នែករដ្ឋាភិបាល និងឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ «ខ» តំណាងផ្នែកឯកជន។
បើតាមសភាពាណិជ្ជកម្ម គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិគ្រោះ ពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជាដែលលើកឡើងដោយ ផ្នែកឯកជន មាន១៩បញ្ហា ដូចជា៖ ១. យុទ្ធសាស្រ្តទីផ្សារ (A strong innovative offer), ២. ការក្រុមប្រឹក្សាទេសចរណ៍ឯករាជ្យ, ៣. ការពង្រឹងទៅលើបទប្បញ្ញត្តិ(អនុលោមតាមស្របច្បាប់), ៤. មគ្គុទេសចរណ៍ភាគច្រើន បានទិញផ្ទះក្នុងបុរីបង់រំលោះ ប្រឈមនឹងការផាកពិន័យ ឬការយកវិញពីម្ចាស់បុរី, ៥. សុវត្ថិភាព ភ្ញៀវទេសចរនៅក្នុង រាជធានីភ្នំពេញ, ៦. ការបណ្តុះបណ្តាល ជាដើម។
នៅក្នុងកិច្ចប្រជុំនេះសហប្រធានទាំងពីរបានសម្រេចយក ៧បញ្ហា ត្រូវបានអង្គប្រជុំពិភាក្សា នឹងសម្រេចយកធ្វើលទ្ធផល ដើម្បីធ្វើរបាយការណ៍រួមរវាងវិស័យឯកជន និងរដ្ឋាភិបាល នឹងរាយការណ៍ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ក្នុងវិច្ឆិកា នាពេលឆាប់ៗខាងមុខនេះផងដែរ។ លទ្ធផលពីការសម្រេចស្វែងរកចំណុចរួមគ្នាមួយ លើបញ្ហាដែលមាន ត្រូវបានវិស័យឯកជន ឯកភាពនិងទទួលយកអំណះអំណាងត្រឹមពីអង្គប្រជុំក្រុមការងារ «ខ»នេះ៕