កាលពីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារ “ខ” “ផ្នែកទេសចរណ៍ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានរៀបចំកិច្ចប្រជុំផ្នែករបស់ខ្លួន ក្រោមអធីបតីភាព លោក សុខ សុកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឧកញ៉ា លូ ម៉េង ដែលជាសហប្រធានក្រុមការងារ “ខ” នៅទីស្តីការក្រសួងទេសចរណ៍។

តាមរយៈសេចក្តីសម្រេចស្តីពីការទទួលស្គាល់ជាផ្លូវការនូវសមាសភាពក្រុមការងារទាំង១៤ ផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារ “ខ” “ផ្នែកទេសចរណ៍ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន មានសមាជិកប្រមាណ ៤០រូប ក្នុងនោះមានឧកញ៉ាចំនួន ៥រូប រួមមាន ឧកញ៉ា លូ ម៉េង ជាសហប្រធាន, ឧកញ៉ា ស៊្រាត មុំសោភា ជាអនុប្រធាន និងឧកញ៉ា រ៉ាត់ ដារ៉ារ័ត្ន ឧកញ៉ា សាង អ៊ាប ឧកញ៉ា សៅ សេងហាក់ ជាសមាជិក។

សម្រាប់កិច្ចប្រជុំកាលពីម្សិលមិញនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីពិគ្រោះ ពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ដែលលើកឡើងដោយ ផ្នែកឯកជន មាន ១៩បញ្ហា ដូចជា៖ ១.យុទ្ធសាស្រ្តទីផ្សារ (A strong innovative offer), ២.ក្រុមប្រឹក្សាទេសចរណ៍ឯករាជ្យ, ៣.ការពង្រឹងទៅលើបទប្បញ្ញត្តិ (អនុលោមតាមស្របច្បាប់), ៤.មគ្គុទេសចរណ៍ភាគច្រើន បានទិញផ្ទះក្នុងបុរីបង់រំលោះ ប្រឈមនឹងការផាកពិន័យ ឬការយកវិញពីម្ចាស់បុរី, ៥.សុវត្ថិភាពភ្ញៀវទេសចរនៅក្នុង រាជធានីភ្នំពេញ, ៦.ការបណ្តុះបណ្តាល ជាដើម-ល-។
ជាលទ្ធផល លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឧកញ៉ា លូម៉េង បានពិភាក្សាលើចំណុចចំនួន១៩ និងបានសម្រេចយកបញ្ហាប្រឈមមួយចំនួន ដើម្បីធ្វើរបាយការណ៍រួមរវាងវិស័យឯកជន និងរដ្ឋាភិបាល ហើយគ្រោងនឹងរាយការណ៍ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០២៣ខាងមុខនេះ៕

