តើស្វាមីឧកញ៉ា សេង សុវីរដ្ឋា ទទួលភារកិច្ចជួយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លើការងារអ្វីខ្លះ?

ជុំវិញ​ឧកញ៉ា

លោក ហេង ឡាលីន រដ្ឋលេខាធិការ​​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជា​ស្វាមី​របស់​​លោកស្រី​ឧកញ៉ា​ សេង សុវីរដ្ឋា ​​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ប្រគល់​ភារកិច្ចជូន​លើ​ការងារ​សំខាន់ៗ​មួយ​ចំនួន កាលពី​ពេល​ថ្មីៗ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈ​សេចក្តីសម្រេច​លេខ ០៨១ សសរ របស់​ក្រសួងរៀបចំដែនដី កាល​​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ២០២៣ ​​បាន​សម្រេច​កំណត់ និង​ប្រគល់​ភារកិច្ច​ជូន​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំដែនដី សំដៅ​ធានា​ការ​ដឹកនាំ និង​អនុវត្តកិច្ចការ​របស់​ក្រសួង។ ក្នុងនោះដែរ លោក ហេង ឡាលីន ​​រដ្ឋ​លេខាធិការ ទទួល​ភារកិច្ច​ជួយ​លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី លើការងារ៖ ១)អភិវឌ្ឍ​អចលនទ្រព្យ ២)ហិរញ្ញប្បទាន​លើ​វិស័យ​អចលនទ្រព្យ ៣)ការងារ​សម្បទាន​ដី​សង្គមកិច្ច ៤)ចូលរួម​​ដឹកនាំ​ការរៀបចំ​និង​អនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ ក្នុង​វិស័យ​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៥)ផែនការ​ទម្រង់ទិស​ការ​រៀបចំ​ដែនដី ផ្សារភ្ជាប់​ប៉ូលសេដ្ឋកិច្ច នៅ​រាជធានីភ្នំពេញ។

លោក ហេង ឡាលីន ​ត្រូវ​បាន​ព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ត្រាស់បង្គាប់​​តែងតាំង​មុខតំណែង​ ​​ជា​រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ​​​​នៅ​ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ និង​ទទួល​ការ​តែងតាំង​ជា​ថ្មី សម្រាប់​អាណត្តិ​រាជរដ្ឋាភិបាល​ថ្មី​នេះ ​កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

មុន​ទទួល​បាន​ការ​តែងតាំង​​ជា​រដ្ឋលេខាធិការ​ លោក ហេង ឡាលីន ធ្លាប់​ជា​នាយទាហាន​ជាន់ខ្ពស់​មួយ​រូប ដោយ​មាន​ឋានន្តរស័ក្តិ​ ​ឧត្តមសេនីយ៍ទោ (ផ្កាយ២) និង​មានតួនាទី​ជា​មេបញ្ជាការរង នៃកងពលតូចលេខ៧០។ លោក​ជា​ស្វាមី​ របស់​លោកស្រី សេង សុវីរដ្ឋា ដែល​ជា​ពាណិជ្ជករ​វ័យ​ក្មេង​មួយ​រូប និង​បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា កាលពីដើមខែមីនា ឆ្នាំ២០១៩៕