អ្នកឧកញ៉ា គិត ម៉េង នាំភរិយានិងកូនប្រុស ទៅចុះ MOU ជាមួយក្រុមហ៊ុន TotalEnergies នៅប្រទេសសិង្ហបុរី

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ​​កាល​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣​ ​​បាន​នាំភរិយា​របស់​លោក​គឺ លោកស្រី​អ្នកឧកញ៉ា ម៉ៅ ចំណាន និង​កូនប្រុស​ច្បង​ ឧកញ៉ា គិត ស៊ូឡា ចូលរួម​ពិធី​​ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា​ជាមួយ​ក្រុមហ៊ុន តូតាល់ អេនើជី (TotalEnergies) នៅ​ប្រទេស​សិង្ហបុរី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធី​ចុះកិច្ចព្រមព្រៀង MOU នេះ គឺ​ដើម្បីសិក្សាលើគម្រោង​ថាមពលកកើតឡើងវិញ ក្នុងប្រទេសកម្ពុជា និង​ឱកាស​ផ្សេងៗទាក់ទងនឹងការកាត់បន្ថយកាបូនឌីអុកស៊ីត ដែលសបស្របទៅនឹងការអភិវឌ្ឍន៍ និងការវិនិយោគ​រួមគ្នា។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា៖ «ការបញ្ចូលគ្នារវាងធនធាន និងជំនាញរវាងក្រុមហ៊ុនទាំងពីរ នឹងធានា​បាននូវការស្រាវជ្រាវ និងការអភិវឌ្ឍន៍ល្អបំផុត នៃគម្រោងកកើតឡើងវិញដ៏ល្អប្រសើរបំផុត នៅក្នុងប្រទេស​កម្ពុជា»។

ចំណែកឯ​លោក Ting Wee LIANG ជាប្រធានក្រុមហ៊ុនប្រចាំប្រទេសសិង្ហបុរី និងជាប្រធានផ្នែកក្រុមហ៊ុន តូតាល់អេនើជី អាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា ក៏​បានថ្លែង​ផង​ដែរ​ថា៖ «ក្នុងនាមជាក្រុមហ៊ុនថាមពល​ចម្រុះ​ថ្នាក់ពិភពលោក យើងប្ដេជ្ញាក្នុងការអភិវឌ្ឍគម្រោងកកើតឡើងវិញថ្មី ឱ្យទទួលបានជោគជ័យ នៅជុំវិញ​ពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីជួយគាំទ្រទៅលើដល់ស្ថានីយថាមពលក្នុងប្រទេស»។

សូមជម្រាប​ថា តូតាល់អេនើជី ជាក្រុមហ៊ុនថាមពលចម្រុះពិភពលោក ដែលបច្ចុប្បន្នកំពុងបង្កើតផលប័ត្រ តម្លៃ​ប្រកួតប្រជែងលំដាប់ពិភពលោក នៃថាមពលកកើតឡើងវិញ ដើម្បីផ្ដល់ថាមពល ប្រកបដោយនិរន្តរភាព ភាព​ជឿជាក់ និងតម្លៃសមរម្យដល់អតិថិជនរបស់ខ្លួន នៅទូទាំងពិភពលោក។ រីឯ​ រ៉ូយ៉ាល់ គ្រុប ជាក្រុមហ៊ុន​​ពហុវិស័យ​ឈានមុខ​គេនៅកម្ពុជា ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយ ក្នុងការបង្កើត និងអនុវត្តគម្រោងថាមពល ក្នុង​ស្រុក ដោយផ្អែកលើមូលដ្ឋានវិនិយោគរួមគ្នា​ផងដែរ៕