ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC បានដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ជូនដល់សមាជិក FASMEC ក្នុងខេត្តកំពត នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

សិក្ខាសាលានេះ ក៏មានការចូលរួមពីអភិបាលរងខេត្ត ព្រមទាំងដៃគូសហការឧបត្ថម្ភនានា និងមានSMEចូលរួមប្រមាណ១៤០នាក់ផងដែរ។
បើតាម FASMEC បានឱ្យដឹងថា គោលបំណងនៃកម្មវិធីសិក្ខាសាលាខាងលើនេះ ដើម្បីផ្តល់ចំណេះដឹង និងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជា បានដឹងពីព័ត៌មានទាក់ទងនឹងបទបញ្ញតិនានា។បន្ថែមពីនោះ ក៏ជាការចែករំលែកអំពីខ្សែសង្វាក់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងជួយបំពេញបន្ថែមនូវចំណេះដឹងដែលម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តនៅមានចំណុចខ្វះខាត។

គួររម្លឹកថា កន្លងមក សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) តែងតែរៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩» នៅបណ្តាខេត្តមួយចំនួន ដើម្បីជាការចែករំលែកខ្សែសង្វាក់ទីផ្សារក្នុងការនាំចេញ និងចែករំលែកចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម៕




