ដើម្បីក្លាយជាអ្នកជំនួញដ៏ពូកែនិងមានសក្ដានុពលម្នាក់ សហគ្រិនទាំងអស់តែងតែមានវិធីសាស្ត្រ ក៏ដូចជាយុទ្ធសាស្ត្រផ្សេងៗ ដោយឡែកៗពីគ្នា។ ជាមួយនឹងភាពជោគជ័យរបស់សហគ្រិននេះ ឧកញ៉ា ឌី ជោត លើកឡើងថា អ្នកជំនួញត្រូវមានភាពស្មោះត្រង់នាំមុខ ដែលជាកត្តាចម្បងនិងចាំបាច់បំផុត ប្រសិនបើគ្មានភាពស្មោះត្រង់ទេ អ្នកជំនួញពិបាកឈរណាស់។
នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ ឧកញ៉ា ឌី ជោត អគ្គនាយកក្រុមហ៊ុន ធារ៉ា លាង ឯ.ក បានលើកឡើងថា លោកជាអ្នកជំនួញម្នាក់ដែលបានងើបឡើងក្នុងគ្រួសារដែលមានជីវភាពក្រីក្រ ឆ្លងកាត់ការលំបាកនិងធ្វើការងារជាច្រើន ដូចជាការងារបម្រើគេជាដើម តែលោកនៅតែខិតខំប្រឹងប្រែងរហូតទទួលបានជោគជ័យគួរជាទីមោទនដូចសព្វថ្ងៃ។
លោកឧកញ៉ាបន្តថា ក្រោយពីឆ្លងកាត់បទពិសោធន៍យ៉ាងច្រើននេះ ក្នុងនាមជាអ្នកជំនួញត្រូវមានកត្តាចម្បងជាគោល គឺភាពស្មោះត្រង់ ប្រសិនបើអ្នកជំនួញមិនមានភាពស្មោះត្រង់ទេ ទោះធ្វើជំនួញអ្វីក៏ពិបាកឈរជើងដែរ។ សព្វថ្ងៃនេះ ដោយសារតែភាពស្មោះត្រង់ ការធ្វើជំនួញផ្សេងៗដូចជា ផលិតផល សេវាកម្ម គឺលោកឱ្យតម្លៃទៅលើ គុណភាព សុវត្ថិភាព និងប្រសិទ្ធិភាពជាគោល។
ជាមួយនឹងភាពស្មោះត្រង់នេះ លោកឧកញ៉ាបានលើកឡើង២រឿង ឬ២ហេតុផលដែលជាកាតាលីករជំរុញឱ្យជំនួញទទួលបានជោគជ័យ។ លោកថា រឿងទី១គឺកាលពីសម័យកូវិដ-១៩ សម្រាប់តំណាងចែកចាយរបស់ក្រុមហ៊ុនលោក ប្រសិនបើលក់មិនដាច់ អាចយកឥវ៉ាន់មកលក់ឱ្យក្រុមហ៊ុនវិញបាន ដោយគ្មានខាតថ្លៃដើមនោះទេ ប្រសិនចាយលុយទិញអស់មួយម៉ឺនដុល្លារពីក្រុមហ៊ុន នោះក្រុមហ៊ុននឹងឱ្យត្រឡប់មកវិញមួយម៉ឺនដុល្លារដូចគ្នា។
កត្តាទី២ គឺក្រៅពីគុណភាពផលិតផល ក្ដីស្រឡាញ់ចំពោះគ្រួសារជាធំ មិនមានផិតក្បត់ប្រពន្ធ កូន ហើយតែងតែយកចិត្តទុកដាក់ គិតសុខទុក្ខប្រពន្ធ បង្កើនក្ដីរីករាយក្នុងគ្រួសារ ទើបលោកឧកញ៉ាបានក្លាយជាបុគ្គលគំរូម្នាក់ដែលមានគេស្រឡាញ់ ចូលចិត្តច្រើន។ កត្តាទាំង២ខាងលើនេះហើយដែលបានស្ដែងពីភាពស្មោះត្រង់ក្នុងការទាក់ទាញអតិថិជន ឱ្យជឿជាក់លើក្រុមហ៊ុនរបស់លោក។ លោកឧកញ៉ាបញ្ជាក់បន្ថែម។
សូមជម្រាបជូនផងដែរថា ឧកញ៉ា ឌី ជោត ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាន គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ដោយ ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤១៧៕
អត្ថបទ៖ សុកធា