អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប (Sokimex Investment Group) ជាសេដ្ឋីមួយរូបនៅកម្ពុជា កំពុងវិនិយោគលើមុខជំនួញពហុវិស័យ។ ចាប់តាំងពីឆ្នាំ១៩៩០ មកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធមិនតិចជាង ៧ នោះទេ។ តើអ្នកជំនួញចាស់វស្សារូបនេះ ទទួលបានគោរមងារ «អ្នកឧកញ៉ា» តាំងពីពេលណា?

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៦២៣/១០៩៩ លោកឧកញ៉ា សុខ គង់ ម្ចាស់សណ្ឋាគារ សុខា អូតែល ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៣។

ពាណិជ្ជករជើងចាស់ សុខ គង់ ទទួលបានងារ «ឧកញ៉ា» ពីព្រះមហាក្សត្រ តាមរយៈព្រះរាជក្រឹត្យលេខ០៤៩៥/៣៧ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩៥។
សូមជម្រាបថា អ្នកឧកញ៉ា សុខ គង់ ជាម្ចាស់ស្ថានីយប្រេងឥន្ធនៈ សូគីម៉ិច, សុខា អូតែល & រីសត, សុខា អចលនទ្រព្យ, បូកគោ កសិដ្ឋានបន្លែសរីរាង្គ, ហាងកាហ្វេ សុខា, ទឹកពិសាគុណភាពខ្ពស់ ឋានសួគ៌បូកគោ និងកាស៊ីណូ Sokha Vegas នៅខេត្តព្រះសីហនុ៕
