ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ ពិភពដីមាស អ្នកឧកញ៉ា ហុី គឹមហុង រួមទាំំងបក្ខពួក ៥នាក់ទៀត ត្រូវបានសម្រេចដោះលែងឲ្យនៅក្រៅពន្ធនាគារប៉េហ្សុីជាបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។
មន្រ្តីពន្ធនាគារប៉េហ្សុីភ្នំពេញ នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឲ្យដឹងថា ការដោះលែងអ្នកឧកញ៉ា ហុី គឹមហុង និងបក្ខពួគឲ្យនៅក្រៅឃុំ គឺយោងតាមសេចក្ដីសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ទោះជាយ៉ាងណា ការដែលសម្រេចដោះលែងឲ្យនៅក្រៅឃុំនេះ ខាងមន្ត្រីពន្ធនាគារមិនទាន់បញ្ជាក់ពីមូលហេតុច្បាស់លាស់នោះទេ ខណៈពលរដ្ឋដែលរងគ្រោះពីក្រុមហ៊ុនពិភពដីមាស មកទល់ពេលនេះមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។
សូមជម្រាបជូនថា អ្នកឧកញ៉ាម្ចាស់ក្រុមហ៊ុនពិភពដីមាស និងបក្ខពួកទាំង៥នាក់ ត្រូវបានឃាត់ខ្លួននៅទីស្នាក់ការក្រុមហ៊ុនពិភពដីមាស នៅភូមិត្រពាំងថ្ងាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ដោយតុលាការចោទប្រកាន់ពីបទរំលោភសេចក្តីទុកចិត្ត និងឆបោកពលរដ្ឋរាប់រយគ្រួសារ។
បើតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកំពត ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងក្រុមហ៊ុនពិភពដីមាសបានមកដាក់ពាក្យបណ្តឹងមានចំនួន ៦៧៨បណ្តឹង ក្នុងទំហំទឹកប្រាក់ប្រមាណ ១២.៦៤៧.៣៥០ដុល្លារ៕