លោក អ៊ឹង ស៊ីវម៉េង អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co.,Ltd) ដែលជាកូនប្រុសរបស់អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ បានបើកវគ្គបណ្តុះបណ្តាល ក្រោមប្រធានបទ “Manager’s Roles & Effective Delegation” ដែលរៀបចំដោយក្រុមហ៊ុន អាយអិនជី ហូលឌីង ដោយមានការចូលរួមពីបុគ្គលិកជាថ្នាក់ដឹកនាំសរុប ៥០នាក់ កាលពីថ្ងៃទី២៤ និងទី២៦ ខែតុលា ឆ្នាំ២០២៣។

កម្មវិធីបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពបន្ថែម និងជំរុញឱ្យឱ្យសិក្ខាកាមទាំងអស់យល់កាន់តែច្បាស់ពីតួនាទីភារកិច្ចក្នុងនាមជាបុគ្គលិកថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន និងវិធីសាស្ត្របច្ចេកទេសនៃការបែងចែកភារកិច្ចទទួលខុសត្រូវ ឱ្យទៅបុគ្គលិកក្រោមឱវាទមានលទ្ធភាពបំពេញភារកិច្ចទទួលខុសត្រូវដោយឯករាជ្យប្រកបដោយប្រសិទ្ធភាព និងមានគុណភាពខ្ពស់។
លោកអគ្គនាយក អ៊ឹង ស៊ីវម៉េង បានបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន ព្រោះបុគ្គលិកគឺជាធនធានស្នូលដ៏សំខាន់ ត្រូវតែមានការបណ្តុះបណ្តាលបំប៉នចំណេះដឹងថ្មីៗបន្ថែមលើការពង្រឹងសមត្ថភាព ដើម្បីត្រៀមធ្វើការបន្តវេនពីថ្នាក់ដឹកនាំកំពូលៗជាបន្តនៅពេលអនាគត ដែលជាគម្រោងអាទិភាពរបស់ក្រុមហ៊ុន។ លោកអគ្គនាយក បានលើកឡើងនូវពាក្យស្លោកមួយឃ្លាថា «មនុស្សគ្រប់រូបមិនអាចក្លាយជាមេដឹកនាំដ៏ល្អទាំងអស់គ្នានោះទេ ក៏ប៉ុន្តែមេដឹកនាំល្អអាចមកពីគ្រប់ទិសទី»។


សូមជម្រាបថា លោក អ៊ឹង ស៊ីវម៉េង ជាកូនប្រុសច្បងរបស់ អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង និងលោកជំទាវ ហេង សុខា។ លោក អ៊ឹង ស៊ីវម៉េង បានបញ្ចប់បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ច និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Oxford Brookes នៅចក្រភពអង់គ្លេស៕