អ្នកឧកញ៉ា ម៉ម វណ្ណឌី ពាណិជ្ជករវ័យក្មេងវិនិយោគក្នុងពហុវិស័យ កំពុងសម្ងំបើកកសិដ្ឋានចិញ្ចឹមគោមួយកន្លែង នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ទោះបីមានឋានៈតួនាទីខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ អ្នកឧកញ៉ា ម៉ម វណ្ណឌី បានចូលប្រឡូកក្នុងវិស័យកសិកម្មដោយផ្ទាល់ ដោយមិនខ្លាចនឿយហត់នោះទេ។ អ្នកឧកញ៉ា បានបង្ហោះវីដេអូឃ្លីប ភ្ជាប់ជាមួយសារនៅបណ្តាញសង្គមហ្វេសប៊ុក នៅរសៀលនេះថា៖ “ដោយក្តីពេញចិត្តបងប្អូន ធ្វើកសិកម្ម បើខ្លាចហត់នឿយ ខ្លាចប្រលាក់ដី មិនអាចធ្វើកសិកម្មបានទេ បងប្អូន”។
អ្នកឧកញ៉ា ម៉ម វណ្ណឌី ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងនិងផ្ដល់ឋានៈ ជា «ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ» មានឋានៈស្មើ «រដ្ឋមន្ត្រី» កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ អ្នកឧកញ៉ា និងភរិយា អ្នកឧកញ៉ា ទៀង ផល្លា ក៏ទើបត្រូវបានព្រះមហាក្សត្រ ប្រោសប្រទានគ្រឿងឥស្សរិយយស «ជាតូបការ» ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត តបនឹងកិច្ចប្រឹងប្រែង ក្នុងសកម្មភាពកសាងសង្គមជាតិ និងត្រូវបានបំពាក់ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ផងដែរ៕