នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន ក្រោមអធីបតីភាព លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារ។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិគ្រោះ ពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងវិស័យពន្ធដារនៅក្នុងប្រទេសកម្ពុជារួមមាន ផ្តោតលើការលើកកម្ពស់ទីផ្សារភាគហ៊ុននៅកម្ពុជា នឹងបញ្ហាទាំង១៨ចំណុច ដែលស្នើឡើងដោយផ្នែកឯកជន។

ក្នុងជំនួបកិច្ចប្រជុំពិភាក្សានេះ ក៏មានការចូលរួមផងដែរពីសំណាក់តំណាងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ, ក្រុមការងារផ្នែកឯកជនក្នុងវិស័យពន្ធដារ, តំណាងមន្ត្រីក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងសមាគមធនាគារកម្ពុជា, តំណាងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា, តំណាងសមាគមអគ្គិសនីជនបទ និងសមាជិក សមាជិការនៃកិច្ចប្រជុំជាច្រើនទៀតផងដែរ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចស្តីពីការទទួលស្គាល់ជាផ្លូវការនូវសមាសភាពក្រុមការងារទាំង១៤ ផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។ ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជា កំពុងដឹកនាំសម្របសម្រួលប្រជុំពិភាក្សាជាមួយក្រសួងស្ថាប័នជំនាញ សម្រេចយកបញ្ហាប្រឈមមួយចំនួន ដើម្បីធ្វើរបាយការណ៍រួមរវាងវិស័យឯកជន និងរដ្ឋាភិបាល ហើយគ្រោងនឹងរាយការណ៍ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០២៣ខាងមុខនេះ៕

