ចាស្មីន កូនស្រីច្បងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បានបង្ហាញពីទិដ្ឋភាពនៃសកម្មភាពចូលទស្សនាព្រះបរមរាជវាំង ជាមួយម្តាយគឺលោកជំទាវ ឈឺន ស្រីម៉ាច ខណៈដែលតម្លៃសំបុត្រចូលទស្សនាកម្សាន្តសម្រាប់ប្រជាជនកម្ពុជា ម្នាក់ត្រឹមតែ ១០០០រៀលប៉ុណ្ណោះ។

តាមរយៈវីដេអូឃ្លីបលើទំព័រហ្វេសប៊ុក Jasmine Leng Navatra បានឱ្យឃើញថា ចាស្មីននិងលោកជំទាវ ឈឺន ស្រីម៉ាច ក៏ទទួលបានការបង្ហាញត្រួសៗបន្ថែមពីមគ្គុទេសទេចរណ៍មួយរូប ដើម្បីស្វែងយល់អំពីប្រាសាទសំខាន់ៗក្នុងព្រះបរមរាជវាំង, ទ្វារជ័យ ដែលប្រើសម្រាប់ព្រះមហាក្សត្រ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី, វេទិកាសម្រាប់ព្រះមហាក្សត្រថ្លែងព្រះរាជសារ, សំលៀកបំពាក់ប្រពៃណី សម្រាប់ប្រើប្រាស់ក្នុងពិធីបុណ្យជាតិ អត្ថន័យផ្ទាំងគំនូរ ព្រមទាំងគ្រឿងមានតម្លៃសំខាន់ៗជាច្រើនទៀត។
សូមជម្រាបថា ព្រះបរមរាជវាំង បានក្លាយទៅជាតំបន់ទេសចរណ៍ដ៏ពិសេសមួយក្នុងរាជធានីភ្នំពេញ សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមានសារៈសំខាន់បំផុត សម្រាប់ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រកម្ពុជា តាមរយៈខ្សែរាជរង្ស រចនាបថស្ថាបត្យកម្មខ្មែរ ប្រពៃណីព្រះមហាក្សត្រ សិល្បៈ និងសាសនា។ ព្រះបរមរាជវាំង បើកឱ្យភ្ញៀវទេសចរអាចចូលទស្សនាបានរៀងរាល់ថ្ងៃ តម្លៃសំបុត្រ សម្រាប់ភ្ញៀវជាតិ (១ពាន់រៀល/នាក់) ខណៈដែលភ្ញៀវបរទេស (១០ដុល្លារ/នាក់)។ រីឯម៉ោងចូលទស្សនា ពេលព្រឹកចាប់ពីម៉ោង ៨ ដល់ ១១ព្រឹក និងពេលថ្ងៃម៉ោង ២ ដល់ ៥ល្ងាច៕



