អ្នកឧកញ៉ា លាង ម៉េង បង្ហើបថា ១ឆ្នាំក្រុមហ៊ុន ជីប ម៉ុង គ្រុប ចំណាយលុយខ្ទង់៤លានដុល្លារជួយផ្សព្វផ្សាយគុនខ្មែរ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុនយក្ស ជីប ម៉ុង គ្រុប បានចំណាយថវិកាប្រមាណខ្ទង់ ៤លានដុល្លារអាមេរិកដើម្បីជួយផ្សព្វផ្សាយវិស័យគុនខ្មែរទៅកាន់ពិភពលោកជារៀងរាល់ឆ្នាំ។ នេះបើតាមការឲ្យដឹងពីអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប ក្នុងសន្និសីទកាសែត «WURKZ សេនាគុនខ្មែរពិភពលោក» នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា លាង ម៉េង មានប្រសាសន៍ថា៖ «មកដល់ឥឡូវនេះខ្ញុំមើលការចំណាយលុយលើក្បាច់គុនខ្មែរដែលយើងផ្សព្វផ្សាយប្រចាំឆ្នាំអស់ប្រហែលជិត ៤លានដុល្លារ… ដោយសារតែយើងម្នាក់ៗមានទំនុកចិត្តលើគុនខ្មែរ ធ្វើឲ្យកីឡាករខិតខំប្រឹងប្រែងហាត់ព្រោះគាត់ឃើញមានពន្លឺមួយយ៉ាងច្បាស់ថា បើគាត់ហាត់គាត់មានទីផ្សារ, គាត់មានគេគាំទ្រ បើពីមុនគាត់ហាត់ហើយអត់មានអ្នកគាំទ្រមិនដឹងជាហាត់ដើម្បីអ្វីនោះទេ ដូច្នេះគ្នាគ្មានកម្លាំងដើម្បីវ៉ៃនោះទេ ប៉ុន្តែបើយើងជួយផ្សព្វផ្សាយគ្នា និងគាំទ្រគ្នាគាត់មានទំនុកចិត្តខ្ពស់ដើម្បីអាចប្រកួតប្រជែងជាមួយគេបាន»។

ជាមួយគ្នានេះ អ្នកឧកញ៉ា លាង ម៉េង ក៏បានសំណូមពរឲ្យកីឡាករគុនខ្មែរទាំងអស់ មិនត្រូវឈ្នះគេដោយចៃដន្យនោះទេ ឲ្យឈ្នះគេដោយពិតប្រាដកដោយការហ្វឹកហាត់របស់យើង ព្រោះបើអត់ហ្វឹកហាត់យើងឈ្នះគេហៅថាឈ្នះដោយចៃដន្យនឹងគឺអត់ពូកែទេ បើយើងឈ្នះដោយការហ្វឹកហាត់រាល់ថ្ងៃនោះជាការឈ្នះពិតប្រាដក…។ ការហ្វឹករាល់ថ្ងៃហើយត្រូវមានវិន័យក្នុងខ្លួនជាដាច់ខាន…។

ទន្ទឹមនឹងនេះអ្នកឧកញ៉ាបានលើកឡើងនូវឧទាហរណ៍ជាក់ស្តែងនូវការរកស៊ីរបស់លោកកន្លងមកដែលបាននឹងកំពុងដឹកនាំក្រុមហ៊ុនកំពូលមួយ មិនមែនជាការដឹកនាំដោយចៃដន្យនោះទេ ទាល់តែខំប្រឹងស្រាវជ្រាវ និងរៀនរហូតដើម្បីអាចមានគំនិត ភាពច្នៃប្រឌិតដែលធ្វើឲ្យក្រុមហ៊ុនដំណរើការល្អទៅបាន។ ក្នុងន័យនេះ អ្នកឧកញ៉ាសង្កត់ធ្ងន់ថា «អ្នកដឹកនាំត្រូវមានចក្ខុវិស័យវែងឆ្ងាយ ទើបអាចធ្វើឲ្យក្រុមហ៊ុន ជីបម៉ុងដំណើរការ៤០ឆ្នាំនៅទីផ្សារស្រុកខ្មែរ នេះដោយសារយើងឃើញចក្ខុវិស័យច្បាស់លាស់»។

បន្ថែមទៀតនោះ អ្នកឧកញ៉ា លាង ម៉េង ក៏បានសំណូមពរប្រជាជនខ្មែរទាំងអស់រកស៊ីទទួលទានត្រូវគិតឲ្យបានឆ្ងាយ។ បើយើងធ្វើអ្វីមួយសូមបន្លំគេហើយមិនច្បាស់លាស់ ហើយកុំថាខ្មែរអត់គាំទ្រ ប៉ុន្តែបើយើងធ្វើត្រឹមត្រូវច្បាស់លាស់យើងនឹងមានអ្នកគាំទ្រ ១០០%។

សូមជម្រាបជូនថា នៅរាត្រីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន ជីបម៉ុង បានរៀបចំសង្វៀនប្រកួតប្រដាល់គុនខ្មែរអន្តរជាតិ មានឈ្មោះថា «WURKZ សេនាគុនខ្មែរពិភពលោក» ដែលមានកីឡាករល្បីៗលំដាប់កំពូលក្នុងស្រុក និងអន្តរជាតិចូលរួមប្រកួត ពិសេសនោះកំពូលកីឡាករ ព្រំ សំណាង និងស្តេចប្រដាល់ ដាវ លីឌុច ដែលកីឡាកររបស់ប្រទេសភូមា ដែលមានក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាម្ចាស់ឧបត្ថម្ភធំផ្ដាច់មុខតែមួយគត់។

អ្នកឧកញ៉ា បានបន្ថែមទៀតថា ការរៀបចំមហាព្រឹត្តិការណ៍ «WURKZ សេនាគុនខ្មែរពិភពលោក» នេះឡើង ក្នុងគោលបំណងចម្បងធំៗ ចំនួន៣ គឺ៖ ទី១ លើកតម្កើងគុនខ្មែរ របស់បុព្វបុរសដូនតាខ្មែរយើង ឱ្យកាន់តែលេចធ្លោលើពិភពលោក តាមរយៈសង្វៀន ៨ទិសដ៏មានអំណាចរបស់ភេសជ្ជៈប៉ូវកម្លាំង វើក។ ទី២ តាមរយៈមហាព្រឹត្តិការណ៍នេះ នឹងទាក់ទាញចំណាប់អារម្មណ៍ឱ្យភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត ងាកមកចាប់អារម្មណ៍ចង់មកទេសចរណ៍កម្សាន្តនៅប្រទេសកម្ពុជាយើងកាន់តែច្រើន ដើម្បីជំរុញកំណើនភ្ញៀវទេសចរកម្ពុជាឱ្យបានកាន់តែច្រើន និងទី៣ ក្នុងនាមក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលវិនិយោគដោយសហគ្រិនខ្មែរ និងឈរជើងអស់រយៈពេលជាង ១៤ឆ្នាំ មកហើយនៅកម្ពុជា យើងចង់ឱ្យបរទេសមើលឃើញច្បាស់ថា ម៉ាកយីហោ ខ្មែរ ប៊ែវើរីជីស ជានិមិត្តសញ្ញាអាជីវកម្មខ្មែរ ដាក់ឈ្មោះជា «ភាសាខ្មែរ» និងខិតខំតស៊ូជានិច្ចដើម្បី លើកមុខមាត់ម៉ាកយីហោរបស់ខ្មែរមួយនេះ ទៅកាន់ពិភពលោក៕