លោកស្រីឧកញ៉ា កែវ ស៊ួយឆេង កូនស្រីរបស់លោកស្រីឧកញ៉ា កែវ ម៉ាលី និងស្វាមី លោកឧកញ៉ា គុត ចាន់វាសនា ជាអ្នកជំនួញបន្តវេនលើពហុវិស័យ ក្រោយពីម្តាយចែកឋានកាលឆ្នាំ២០២០។ អ្នកជំនួញវ័យក្មេងប្តីប្រពន្ធមួយគូនេះ ទទួលបានគោរមងារ «ឧកញ៉ា» ពីព្រះមហាក្សត្រ នៅថ្ងៃតែមួយជាមួយគ្នា គឺថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦។

លោកស្រី ឧកញ៉ា កែវ ស៊ួយឆេង ត្រូវបានគេដឹងថា ជានាយិការក្រុមហ៊ុន ជីង គ័រ ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងបង្កើតតំបន់កំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស លើដី ៦៤០ហិកតា នៅភូមិព្រែកគ្រែង និងភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។ លោកស្រី ក៏ជាម្ចាស់ក្រុមហ៊ុន ឆ្នោតខ្មែរ និងក្រុមហ៊ុន វឌ្ឍន: ខូអបភើរេត ខូអិលធីឌី (Vathanak Cooperate Co.,Ltd)។


រីឯលោកឧកញ៉ា គុត ចាន់វាសនា បានបន្តដឹកនាំក្រុមហ៊ុន CRYSTAL RICE (Kampuchea) ពីម្តាយក្មេក ដែលជាក្រុមហ៊ុនលេចធ្លោរជាងគេមួយ ក្នុងការនាំចេញអង្ករទៅក្រៅប្រទេស។ លោកឧកញ៉ា ជាអនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប និងជាអតីតទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ដែលមានងារជា «ឯកឧត្តម» ផងដែរ។

គួររំឭកថា លោកស្រីឧកញ៉ា កែវ ម៉ាលី អតីតសមាជិកព្រឹទ្ធសភា, អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានទទួលមរណភាព នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ដោយជរាពាធ ក្នុងជន្មាយុ៦៥ឆ្នាំ៕