អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញសេចក្តីសម្រេចផ្លាស់ប្តូរនិងតែងតាំង អ្នកឧកញ៉ា តុល លន ពីសមាជិកទៅជា «អនុប្រធាន» សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។

អ្នកឧកញ៉ា តុល លន ត្រូវបានគេស្គាល់ថា ជាស្ថាបនិក បុរី លន ស៊ីធី ដែលជាគម្រោងអភិវឌ្ឍន៍លំនៅឋានដ៏ធំមួយ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្ទៃដី ៦៦ហិកតា ក្រោមទុនវិនិយោគរហូតដល់ជាង ១០០លានដុល្លារអាមេរិក។ លោកត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បង្កើតឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងគោលបំណង ដើម្បីពង្រឹងគុណភាពបុរី និងផ្ទះល្វែងឡើងវិញ ព្រមទាំងជំរុញឱ្យសមាជិករបស់ខ្លួន សាងសង់ផ្ទះ សំណង់អគារ ដែលមានចរិតលក្ខណៈបែបរចនាបទខ្មែរ ព្រមទាំងផ្តល់ព័ត៌មានចាំបាច់ជុំវិញ ការរកស៊ីខុសច្បាប់ របស់ក្រុមហ៊ុនខ្លះ ដែលឆ្មក់ឱកាសឆរបោកពលរដ្ឋ និងជួយជំរុញឱ្យមានការប្រកួតប្រជែកគ្នាផ្នែកតម្លៃនិងសេវាកម្ម ដែលជាប្រយោជន៍ ដើម្បីអតិថិជនទទួលព័ត៌មានច្រើនជាងមុន និងមានជម្រើសល្អច្រើនជាងមុន។ លើសពីនេះ សមាគម ក៏នឹង មានការផ្សព្វផ្សាយជុំវិញវិស័យលំនៅឋានឱ្យទូលំទូលាយ ដោះដូរបទពិសោធរវាងសមាជិក ព្រមទាំងចូលរួម ដោះស្រាយបញ្ហាផ្លូវច្បាប់នានាជូនអ្នកទិញរបស់ខ្លួន ឱ្យបានច្រើនជាងមុនផងដែរ៕