អ្នកឧកញ៉ា សុខ គង់ បានដឹកដៃភរិយា លោកស្រីអ្នកឧកញ៉ា គឹម ឡេង ថតរូបកម្រងអនុស្សាវរីយ៍ទម្រង់អាពាហ៍ពិពាហ៍ខ្មែរ ឬដែលគេនិយមហៅបច្ចុប្បន្នថា ថតរូប After-WEDDING នៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃផ្ទាល់ខ្លួនតម្លៃប្រមាណ ១០លានដុល្លារអាមេរិកទើបសម្ពោធកាលពាក់កណ្តាលឆ្នាំ២០២២កន្លងទៅ។

រូបភាពជាច្រើនសន្លឹកថតទម្រង់អាពាហ៍ពិពាហ៍ខ្មែរដែលស្លៀកសំលៀកបំពាក់សម័យបុរាណរបស់អ្នកឧកញ៉ា សុខ គង់ និងភរិយា ត្រូវបានក្រុមការងារថតរូប Winter Photography ចែកចាយនៅលើបណ្តាញសង្គមពេលថ្មីៗនេះ មានទាំងថតនៅក្នុងភូមិគ្រឹះ និងក្រៅភូមិគ្រឹះស្ថិតលើកំពូលភ្នំបូកគោ ខេត្តកំពត។ ទម្រង់ថតរូប After-WEDDING នេះបង្ហាញពីសំលៀកបំពាក់ភ្ជាប់ជាមួយការតុបតែងសម្ភាៈថ្លៃៗជាច្រើនមុខដើម្បីធ្វើយ៉ាងណាឲ្យការថតរូបកាន់ស្រស់ស្អាត និងប្រកបដោយអត្ថន័យ។
សូមជម្រាបជូនថា អ្នកឧកញ៉ា សុខ គង់ និងលោកស្រីអ្នកឧកញ៉ា គឹម ឡេង បានរៀបអាពាហ៍ពិពាហ៍នៅចុងឆ្នាំ១៩៧២ ដោយកាលណោះលោកមានវ័យ ១៧ឆ្នាំ ចំណែកឯភរិយាមានវ័យ ១៦ឆ្នាំ។ នេះបើតាមសៀវភៅដែលរៀបរាបអំពីដំណើរជីវិតរបស់អ្នកឧកញ៉ាចេញផ្សាយកាលកន្លងទៅ។

អ្នកឧកញ៉ា សុខ គង់ មានបុត្រាបុត្រីចំនួន ៦ ក្នុងនោះកូនប្រុសស្រីចំនួន ៥រូបមានគោរមងារ «ឧកញ៉ា» ដូចជា ១/ ឧកញ៉ា សុខ យាក ២/ ឧកញ៉ា សុខ ហុង ៣/ លោក សុខ សុវណ្ណនិត ៤/ លោកស្រីឧកញ៉ា សុខ ចន្ថា ៥/ លោកស្រីឧកញ៉ា សុខ ចន្ធី ៦/ លោកស្រីឧកញ៉ា សុខ ចន្ធូ ។
មានវ័យ ៧០ឆ្នាំ ពាណិជ្ជករចាស់វស្សាដ៏មានឥទ្ធិពលបំផុត ហើយបានគ្រប់គ្រងអាណាចក្រជំនួញក្នុងតំបន់សក្តានុពលសេដ្ឋកិច្ចសំខាន់ៗនៅក្នុងប្រទេសកម្ពុជា អ្នកឧកញ៉ា សុខ គង់ បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សូគីម៉ិច អ៉ិនវេសមេន គ្រុប៕













