អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា បានយក helicopter ផ្ទាល់ខ្លួនជូនដំណើរកំពូលកីឡាករលំដាប់កំពូលភូមា ដាវ លីឌុច ទៅទស្សនាខេត្តសៀមរាប ដើម្បីមើលឃើញផ្ទាល់ភ្នែក ពីមរតកចម្លាក់ក្បាច់គុនបុរាណរបស់បុព្វបុរសខ្មែរ នាសម័យមហានគរ នៅតាមជញ្ជាំងប្រាសាទអង្គរវត្ត។

គំនិតផ្ដួចផ្ដើមរៀបចំបដិសណ្ឋារកិច្ចដ៏សែនកក់ក្ដៅ និងដំបូងគេនៅកម្ពុជា ជូនដល់កីឡាករប្រដាល់ ដាវ លីឌុច ទៅកាន់ទឹកដីប្រវត្តិសាស្ត្រវប្បធម៌ខ្មែរ នាខេត្តសៀមរាប ពីសំណាក់ អ្នកឧកញ៉ា លាង ម៉េង នាពេលនេះ រៀបចំឡើង បន្ទាប់ពីស្ដេចប្រដាល់ភូមា បានបញ្ចប់ការប្រកួតជាមួយអ្នកប្រដាល់ ព្រំ សំណាង កាលពីរាត្រីថ្ងៃទី០៥ ខែ វិច្ឆិកា ចុងសប្តាហ៍កន្លងទៅ។
ជាមួយគ្នានេះ ស្ដេចប្រដាល់ភូមា បានបង្ហាញអារម្មណ៍រីករាយ និងសោមនស្សជាខ្លាំង ចំពោះការធ្វើដំណើរទស្សនាខេត្តសៀមរាបនេះ។ ជាពិសេសកីឡាករ ដាវ លីឌុច បានគូសបញ្ជាក់ថា លោកក៏មានក្ដីស្រមៃចង់ទៅទស្សនាប្រាសាទអង្គរវត្ត ជាយូរណាស់មកហើយ ខណៈលោកបាននិយាយបន្ថែមថា ការអញ្ជើញរបស់សហស្ថាបនិកក្រុមហ៊ុនខ្នាតយក្ស ជីប ម៉ុង ដោយជិះ helicopter ទៅកាន់ខេត្តសៀមរាប លើកនេះ គឺជាការចង់ចាំមិនអាចបំភ្លេចបាន និងគួរជាទីមោទនភាពសម្រាប់រូបលោកខ្លាំងបំផុតក្នុងឆាកជីវិត។

ហើយ ការរៀបចំមហាព្រឹត្តិការណ៍ «WURKZ សេនាគុនខ្មែរពិភពលោក» កាលពីល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា គឺក្នុងគោលបំណងចម្បងធំៗ ចំនួន៣ គឺ៖ ទី១ លើកតម្កើងគុនខ្មែរ របស់បុព្វបុរសដូនតាខ្មែរយើង ឱ្យកាន់តែលេចធ្លោលើពិភពលោក តាមរយៈសង្វៀន ៨ទិសដ៏មានអំណាចរបស់ភេសជ្ជៈប៉ូវកម្លាំង វើក។
ទី២ តាមរយៈមហាព្រឹត្តិការណ៍នេះ នឹងទាក់ទាញចំណាប់អារម្មណ៍ឱ្យភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត ងាកមកចាប់អារម្មណ៍ចង់មកទេសចរណ៍កម្សាន្តនៅប្រទេសកម្ពុជាយើងកាន់តែច្រើន ដើម្បីជំរុញកំណើនភ្ញៀវទេសចរកម្ពុជាឱ្យបានកាន់តែច្រើន។
និងទី៣ ក្នុងនាមក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលវិនិយោគដោយសហគ្រិនខ្មែរ និងឈរជើងអស់រយៈពេលជាង ១៤ឆ្នាំ មកហើយនៅកម្ពុជា យើងចង់ឱ្យបរទេសមើលឃើញច្បាស់ថា ម៉ាកយីហោ ខ្មែរ ប៊ែវើរីជីស ជានិមិត្តសញ្ញាអាជីវកម្មខ្មែរ ដាក់ឈ្មោះជា «ភាសាខ្មែរ» និងខិតខំតស៊ូជានិច្ចដើម្បី លើកមុខមាត់ម៉ាកយីហោរបស់ខ្មែរមួយនេះ ទៅកាន់ពិភពលោក៕





































