ឧកញ៉ា សុង សារ៉ន៖ បើអត់មានសម្តេចធិបតីហ៊ុនម៉ាណែត អង្ករកម្ពុជាមិនអាចនាំចេញទៅឥណ្ឌូនេស៊ីបានទេ

ជុំវិញ​ឧកញ៉ា

ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា សុង សារ៉ន ក្រៅពីសម្តែងការរីករាយនិងគំាំទ្រទៅនិងការនាំចេញអង្ករកម្ពុជាទៅប្រទេសឥណ្ឌូនេស៊ីជើងដំបូង៣៥០០តោននេះ បើពុំមានសម្តេចធិបតី ហ៊ុន ម៉ាណែតនោះទេអង្ករកម្ពុជាក៏មិនអាចនាំចេញទៅទីផ្សារឥណ្ឌូនេស៊ីបានផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឧកញ៉ា សុង សារ៉ន

ថ្មីៗនេះ ឧកញ៉ា សុង សារ៉ន មានប្រសាសន៍ថា សព្វថ្ងៃនេះយើងមានសេចក្តីសោមនស្សរីករាយជាខ្លំាងទៅនិងលទ្ធផលជោគជ័យមួយដែលយើងទទួលបានពីការនាំចេញអង្ករចំនួន ៣៥០០តោន ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចរចារបាននាំចេញអង្ករសរុបចំនួន១ម៉ឺនតោនទៅប្រទេសឥណ្ឌូនេស៊ី។អង្ករកម្ពុជាបានដឹកទៅដល់ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី២ខែវិច្ឆិកា វាជាមោទនភាពជាតិយើងមួយ មិនត្រឹមតែអាចជួយខ្លួនឯងបានទេ យើងអាចថែមទំាងជួយដល់ប្រទេសក្នុងអាស៊ានបានថែមទៀតផង។

ឧកញ៉ា សង្កត់ធ្ងន់ថា “ខ្ញុំសុំសរសើរ អស់ពីចិត្ត បើអត់មានសម្តេចធិបតី ហ៊ុន ម៉ាណែត យើងទៅមិនរួចទេ។ វាជាការសម្រេចចិត្តមួយដែលពិបាក បើយើងមិនរួមគ្នាធ្វើទេ វាពិបាកនឹងធ្វើបានណាស់ ។យើងធ្លាប់ធ្វើ៤ឬ៥ឆ្នំាហើយតែមិនដែលបានជោគជ័យ ទើបតែដល់ពេលនេះបានជោគជ័យ”។

ពាក់ព័ន្ធនិងការនាំចេញអង្ករទៅប្រទេសឥណ្ឌូនេស៊ីនេះ បើយោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថាជើងទី១បានដឹកទៅដល់ប្រទេសឥណ្ឌូនេស៊ីហើយចំនួន៣៥០០តោន,ជើងទី២បានចេញដំណើរទៅកាលពីថ្ងៃទី២៩ខែតុលាឆ្នំា២០២៣ចំនួន៣០០០តោន និងជើងទី៣ចំនួន៣៥០០តោន បានចេញដំណើរនៅថ្ងៃទី៥ខែវិច្ឆិកាឆ្នំា២០២៣កន្លងមកនេះ។

កិច្ចដំណើរការនៃការនាំចេញទៅកាន់ទីផ្សារប្រទេសឥណ្ឌូនេស៊ី នេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែខិតខំស្វែងរកទីផ្សារជូនអង្ករកម្ពុជា ជាពិសេសនៅគ្រប់កិច្ចសវនការ និងការប្រជុំនានា ជាមួយប្រមុខរដ្ឋាភិបាលប្រទេសផ្សេងៗ សម្តេច តែងតែស្នើឱ្យសមភាគីប្រទេសទាំងនោះជួយទិញអង្ករកម្ពុជា ឱ្យបានកាន់តែច្រើន ជាក់ស្តែងនៅក្នុងជំនួបប្រមុខរដ្ឋ និងប្រមុខការទូតទាំងអស់ ដែលក្នុងនោះរួមទាំងឯកឧត្តម ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី ដែលសម្តេចធិបតី បានអញ្ជើញធ្វើទស្សនៈកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ក្នុងកំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន៕

អត្ថបទ៖ សារេត