ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC បានបន្តដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ជូនសមាជិក សមាជិកា FASMEC នៅខេត្តត្បូងឃ្មុំ។

ក្នុងវគ្គសិក្ខាសាលានេះ ក៏មានការចូលរួមពីអភិបាលរងខេត្ត ព្រមទាំងដៃគូសហការឧបត្ថម្ភនានា និងមានSME ចូលរួមប្រមាណ ១០០នាក់ ផងដែរ។
បើតាម FASMEC គោលបំណងនៃកម្មវិធីសិក្ខាសាលានេះ គឺដើម្បីចែករំលែកអំពីខ្សែសង្វាក់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងជួយបំពេញបន្ថែមនូវចំណេះដឹងដែលម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្ត នៅមានចំណុចខ្វះខាត។
សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) កន្លងមក តែងតែរៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩» នៅបណ្តាខេត្តមួយចំនួន ដើម្បីជាការចែករំលែកខ្សែសង្វាក់ទីផ្សារក្នុងការនាំចេញ និងចែករំលែកចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម។

FASMEC គឺជាសម្ព័ន្ធដែលចងក្រងឡើង ដោយបណ្តុំសមាគម និង សហគ្រាសធុនតូច មធ្យមនៅកម្ពុជា។ទស្សនវិស័យរបស់ FASMEC គឺផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាទៅទីផ្សារក្នុងស្រុកនិងអន្តរជាតិ៕





