អ្នកឧកញ៉ា លី ហួរ ស្ថិតក្នុងគណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងបញ្ចប់គោរមងារឧកញ៉ា

ជុំវិញ​ឧកញ៉ា

រាជរដ្ឋាភិបាល សម្រេចតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា ហៅកាត់ គ.ព.វ.គ ក្នុងនោះមានអ្នកឧកញ៉ា លី ហួរ ស្ថិតក្នុងគណៈកម្មការអន្តរក្រសួងនេះផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីសម្រេចចំនួន ២ទំព័រចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រេចតែងតាំងលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធាន និងអនុប្រធានចំនួន ២រូប គឺលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធាន, លោក ឈួន ឆាម រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ជាអនុប្រធានប្រចាំការ។

ក្នុងសេចក្តីសម្រេចដដែលសម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏សម្រេចតែងតាំងសមាសភាពមកពីក្រសួងស្ថាប័នចំនួន ៦ ជាសមាជិក និងលេខាធិការរួមមាន៖ លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ, លោក តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌, លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា, អ្នកឧកញ៉ា លី ហួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា, អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា និងអគ្គនាយកដ្ឋានឥស្សរិយស និងគោរមងារ ជាលេខាធិការ។

កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ​ព្រះករុណា ព្រះបាទ​ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​ព្រះមហាក្សត្រ​ ទ្រង់​ឡាយព្រះហស្តលេខា​​ «ព្រះរាជក្រឹត្យ​ស្តីពីគោរមងារឧកញ៉ា» ថ្មី ​ខណៈ​ដែល​ព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា ចុះ​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ​​ត្រូវ​ទុកជា​និរាករណ៍។

ព្រះរាជក្រឹត្យ​ស្តីពី​ឧកញ៉ា​​ថ្មី​នេះ ​​នៅ​ត្រង់ជំពូក​ទី២ បានចែង​អំពី​ស្ថាប័ន​មានសមត្ថកិច្ច ក្នុងនោះ​ មាត្រា៤ បាន​​ចែង​ថា ត្រូវបាន​បង្កើតគណៈកម្មការអន្តរក្រសួងពិនិត្យ​និងវាយតម្លៃ​លើ​សំណើ​សុំ​គោរមងារ​និង​ការ​បញ្ចប់​​គោរមងារឧកញ៉ា មានសមត្ថកិច្ចពិនិត្យ វាយតម្លៃ និង​លើក​យោបល់​ជូន​នាយករដ្ឋមន្ត្រី​លើ​សំណើ​សុំ​ផ្តល់​និង​បញ្ចប់​គោរមងារ​ឧកញ៉ា។

សូមជម្រាបជូនថា គោរមងារឧកញ៉ា សំដៅដល់ងារកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទាន​ដោយព្រះរាជក្រឹត្យទៅតាម​លំដាប់​ថ្នាក់ ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរដែលមានគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍនិងកសាងជាតិ។ គោរមងារឧកញ៉ា​នៅកម្ពុជា មាន ៣លំដាប់ថ្នាក់គឺ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា៕​