អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ម្សិលមិញនេះ បានអនុញ្ញាតឱ្យលោក Dato Sri Ricky Yaw ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី-កម្ពុជា ដឹកនាំគណប្រតិភូ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅការិយាល័យសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។
ក្នុងជំនួបនេះដែរ ភាគីទាំងពីរបានពិភាក្សាគ្នាលើខ្លឹមសារសំខាន់ៗចំនួន ៥ចំណុចដូចខាងក្រោម៖
១.ការស្វែងយល់ពីវឌ្ឍនភាព និងសមាជិករបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងឱកាសនៃការវិនិយោគនៅកម្ពុជា។
២.ការធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធដឹកនាំរបស់សភាពាណិជ្ជកម្មម៉ាឡេស៊ី-កម្ពុជា និងផែនការយុទ្ធសាស្រ្តរបស់ខ្លួន។
៣.កិច្ចសហប្រតិបត្តិការរវាងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ី-កម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការធ្វើពាណិជ្ជកម្មអន្តរជាតិរវាងប្រទេសទាំងពីរ ប្រកបដោយគុណភាព និងចីរភាព។
៤.ការរៀបចំអញ្ជើញគណៈប្រតិភូរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អ្នកវិនិយោគនៅកម្ពុជា ទៅទស្សនាកិច្ចនៅប្រទេសម៉ាស៊ីឡេស៊ី និងកៀរគរអ្នកវិនិយោគម៉ាឡេស៊ីមកវិនិយោគនៅកម្ពុជាវិញ។
៥.ការកសាងកាលានុវត្តភាពជាអតិបរមាក្នុង ការជំរុញវិនិយោគឱ្យកាន់តែមានសន្ទុះទៅមុខជាបន្តបន្ទាប់។
សូមជម្រាបថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវបានទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃលេខ ៩៨៥៧ប្រក ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥។ ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា លី ហួរ ជាប្រធាន សមាគមនេះកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុន និងអ្នកវិនិយោគលើវិស័យអភិវឌ្ឍន៍លំនៅឋាន ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស៕