អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខាអូតែល កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារប្រជុំពិនិត្យពិភាក្សាបន្ថែមលើប្លង់មេ និងប្លង់រចនាខាងក្នុងខឿនក្រោម បល្ល័ង្កព្រះអង្គធំ នៃគម្រោងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ។

ក្នុងកិច្ចប្រជុំនេះដែរ អ្នកឧកញ៉ាបានដឹកនាំពិភាក្សាលើប្លង់សាងសង់ខឿន ឧទ្យានពុទ្ធប្បវត្តិទាំង១២ រួមទាំងទីតាំងសំខាន់ៗនៃគម្រោងទាំងមូលដូចជា កន្លែងផ្តល់ព័ត៌មានទេសចរណ៍ ចំណតរថយន្ត តំបន់រដ្ឋបាល ខ្ចុះសម្រាក កន្លែងលក់គ្រឿងសក្ការៈនិងវត្ថុអនុស្សាវរីយ៍ ស្រះទឹកបោក្ខរណី ឧទ្យានអភិសេក ឧទ្យានទេពនិម្មិត ឧទ្យាននាងសុជាតា-ល-។ គម្រោងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ នឹងមានប្រភេទរុក្ខជាតិជាច្រើនលំអររួមមាន ដើមសាគូរ៉ា KWANZAN, ដើមសាគូរ៉ា YOSHINO, ដើមសាគូរ៉ា SHOGETSU, ដើមសាគូរ៉ា UKON ដើមស្រល់ ដើមឬស្សី ដើមពោធិ៍ ដើមសាលព្រឹក្ស និងព្រៃធម្មជាតិ។

គម្រោងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ស្ថិតនៅក្នុងឧទ្យានជាតិព្រះមនុវង្ស «បូកគោ» ត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាព លោក ជា សុផារ៉ា កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខាអូតែល ធ្លាប់បានបញ្ជាក់ថា ព្រះពុទ្ធបដិមានេះ នឹងចំណាយរយៈពេលសាងសង់ ៤ឆ្នាំ និងចំណាយប្រាក់ចន្លោះពី ៣០លានដុល្លារ ទៅ៤០លានដុល្លារអាមេរិក៕


