កំពង់ផែទេសចរណ៍កោះទន្សាយ ស្ថិតនៅលើកោះទន្សាយរីសត ដែលកំពុងអភិវឌ្ឍន៍ដោយក្រុមហ៊ុន ទ្រី ភាព កោះទន្សាយ រីសត ឯ.ក របស់អ្នកឧកញ៉ា ទ្រី ភាព បានសម្រេចការសាងសង់ជិត ៥០% ហើយ និងគម្រោងបើកសម្ពោធឱ្យប្រើប្រាស់ទទួលភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិជាផ្លូវការ នៅដើមឆ្នាំ២០២៤។

លោក ហម និមល អនុប្រធានទីប្រឹក្សាបច្ចេកទេសរបស់ ADB បានឱ្យដឹងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ថា កំពង់ផែទេសចរណ៍កោះទន្យាយ គិតមកដល់ពេលនេះសម្រេចការសាងសង់បានជិត ៥០% ហើយ និងគ្រោងបញ្ចប់ការសាងសង់ត្រឹមខែមករា ឆ្នាំ២០២៤។ អនុគម្រោងសាងសង់កំពង់ផែកោះទន្សាយ គ្រោងចំណាយថវិកាប្រមាណជាង ១,៦លានដុល្លារ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានបញ្ជាក់ឱ្យដឹងកាលពីពេលថ្មីៗនេះថា ខេត្តកែបបច្ចុប្បន្នកំពុងមានការអភិវឌ្ឍខ្លាំង ក្នុងនោះមានអនុគម្រោងសំខាន់ៗចំនួន៣ រួមមាន គម្រោងទីលានទុកដាក់សម្រាមស្តង់ដា (បានសម្ពោធរួចរាល់), គម្រោងកំពង់ផែទេសចរណ៍កោះទន្សាយ និងគម្រោងផ្លូវប្របមាត់សមុទ្រ ដែលនឹងក្លាយជាសរសៃឈាមសំខាន់បំផុត។ ចំពោះការសាងសង់កំពង់ផែ ជាការពង្រីកនូវសក្តានុពលវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខេត្តកែប តាមរយៈផ្លូវទឹកទ្វេរភាគីជាមួយប្រទេសក្នុងតំបន់ ហើយកំពង់ផែទេសចរណ៍នេះ នឹងឈានទៅដល់ការទទួលភ្ញៀវទេសចរណ៍កម្រិតថ្នាក់អន្តរជាតិផងដែរក្នុងថ្ងៃអនាគត។
កោះទន្សាយ គឺជារមណីយដ្ឋានរណបរបស់ខេត្តកែប ដែលអ្នកទេសចរខ្មែរ និងបរទេសបាមកទស្សនាខេត្តកែបហើយ តែងតែបន្តដំណើរមកសម្រាកកម្សាន្តនៅកោះនេះ។ កោះទន្សាយ មានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃទីក្រុងកែប មានចម្ងាយ៤,៥គីឡូម៉ែត្រពីទីក្រុងនេះ ជិះទូករយៈពេលប្រមាណ៣០នាទី ពីកំពង់ផែទេសចរណ៍កោះទន្សាយ។ កោះនេះជារមណីដ្ឋានធម្មជាតិដ៏ល្អប្រណិតរបស់ទីក្រុង ដែលមានលក្ខណៈអំណោយផលពីធម្មជាតិ ព្រោះមានឆ្នេរខ្សាច់ចំនួន២កន្លែង ដែលមានវាលខ្សាច់សពីធម្មជាតិ អាចធ្វើជាកន្លែងសម្រាប់ងូតទឹកកម្សាន្តសប្បាយ។



សូមជម្រាបថា កាលឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តឱ្យក្រុមហ៊ុន ទ្រី ភាព កោះទន្សាយ រីសត ឯ.ក (Try Pheap Koh Tunsay Resorts Co., Ltd) ទទួលបានសិទ្ធិអភិវឌ្ឍន៍កោះទន្សាយរហូត ៥០ឆ្នាំ ដោយចំណាយទុនវិនិយោគរហូត ១៣០លានដុល្លារ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនក៏កំពុងដំណើរការអភិវឌ្ឍគម្រោងរបស់ខ្លួនយ៉ាងសកម្ម ក្នុងបំណងបង្កើតទីក្រុងរណបថ្មីមួយ សម្រាប់ខេត្តកែប៕