សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសមាគមចំនួន ១៨ស្ថាប័ន បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សា ដើម្បីគាំទ្រដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។

ពិធីចុះហត្ថលេខាធ្វើឡើងក្រោមវត្តមានលោក ហេង សួរ រដ្ឋមន្ត្រីនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានការចូលរួមពីប្រធានសមាគមនិយោជកជាច្រើនរូប នៅសាលពិព័រណ៍ការងារកោះពេជ្រ កាលព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ហៅកាត់ FASMEC ដែលបានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាលចូលរួមពិធីចុះហត្ថលេខាលើនេះ បានសម្តែងនូវការគាំទ្រក្នុងការធ្វើការងាររួមគ្នាផ្តល់ការហាក់ការ និងកម្មសិក្សាដល់សិស្សដែលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។

លោកឧកញ៉ាលើកឡើងថា ការចុះ MoU នៅពេលនេះ នឹងបើកផ្លូវឱ្យមានការហាត់ការសម្រាប់អ្នកសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឱ្យមានសមត្ថភាពជាក់លាក់ដើម្បីអាចក្លាយជាកម្លាំងពលកម្មដ៏មានប្រសិទ្ធភាពក្នុងសង្វាក់ការងារក្នុងការចូលរួមចំណែកជួយកសាង អភិវឌ្ឍ និងពង្រឹងធនធានមនុស្ស។
លោកឧកញ៉ា តែ តាំងប៉ បានគូសបញ្ជាក់ថា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បាននឹងកំពុងដើរធ្វើការងារនេះអស់រយៈពេល ៣ឆ្នាំមកហើយលើការបណ្តុះបណ្តាល និងរៀបចំសិក្ខាសាលានៅទូទាំងប្រទេសដល់សហគ្រាសធុនតូច និងមធ្យម ដែលជាការផ្តល់ចំណេះដឹង ជំនាញ បង្កើនជំនាញ ផ្លាស់ប្តូរជំនាញ និងបង្កើនផលិតភាពការងារ ដើម្បីធ្វើឱ្យធនធានមនុស្សក្នុងវិស័យនេះងើបឡើងវិញ។
សូមជម្រាបថា ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយវិស័យឯកជននេះ ធ្វើឡើងនៅមុនពេលដែលរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខនឹងប្រកាសដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈកម្រិត C1 ដល់ក្រុមយុវជនគោលដៅប្រមាណ១.៥លាននាក់មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យឱ្យមានជំនាញជាក់លាក់ និងឆាប់ទទួលបានការងារធ្វើដើម្បីលើកម្ពស់ជីវភាពនិងកាត់បន្ថយការលំបាក៕



