អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលវិញ្ញាបនបត្រនៃការទទួលស្គាល់ពីលោក Rex Richardson អភិបាលក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រោយពីទទួលបានវិញ្ញាបនបត្រដ៏មានកិត្តិយសនេះ អ្នកឧកញ៉ា បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុកថា ជាកិត្តិយសណាស់ដែលទទួលបានវិញ្ញាបនបត្រនៃការទទួលស្គាល់ ពីទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
វិញ្ញាបនបត្រនេះមានខ្លឹមសារថា៖ “វិញ្ញាបនបត្រនៃការទទួលស្គាល់ជូន អ្នកឧកញ៉ា លឹម ហេង សូមអរគុណចំពោះការប្តេជ្ញាចិត្តរបស់អ្នកចំពោះសហគមកម្ពុជា។ យើងទទួលស្គាល់សេវាកម្ម និងការលះបង់ដ៏អស្ចារ្យមិនគួរឱ្យជឿរបស់អ្នក។ យើងទន្ទឹងរង់ចាំក្នុងការបន្តសហកាជាមួយអ្នកនៅក្នុងការបម្រើសេវាកម្មទៅកាន់ទីក្រុងឡុងប៊ិចដ៏អស្ចារ្យរបស់យើង។ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣”។

សូមជម្រាបថា កាលព្រឹកថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងជំនួបពិភាក្សាជាមួយមន្ត្រីកំពង់ផែឡុងប៊ិច ដើម្បីស្វែងយល់អំពីដំណើរការនិងប្រតិបត្តិការកំពង់ផែនេះ និងសិក្សាលទ្ធភាពធ្វើសហប្រតិបត្តិការជាមួយវិស័យឯកជនកម្ពុជា។

បន្ថែមពីនេះ នៅល្ងាចថ្ងៃដដែល អ្នកឧកញ៉ា លឹម ហេង ក៏បានអញ្ជើញចូលរួមពិធីជប់លៀងស្វាគមន៍សម្រាប់ការរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នៅទីក្រុងឡុងប៊ិច និងជំនួបពាណិជ្ជកម្មជាមួយធុរជនអាមេរិក ដែលមានចំណាប់អារម្មណ៍លើទីផ្សារកម្ពុជាផងដែរ៕