លោក តាន់ សែឆាយ អគ្គនាយកនៃក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ (Attwood Import Export) របស់លោកស្រីឧកញ៉ា លីម ឈីវហូរ គឺជាប្រធានសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា (Wine Spirit & Beer Importers and Distributors Association) នៅកម្ពុជា។
សមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា ជាសមាគមក្នុងស្រុក ដែលមានការទទួលស្គាល់និងចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីខែកក្កដា ឆ្នាំ២០២២។ បច្ចុប្បន្នសមាគម មានសមាជិកចំនួន ១០ក្រុមហ៊ុនហើយ បានចូលជាសមាជិក។ គោលបំណងចម្បងៗរបស់សមាគមនេះ គឺជំរុញនិងគាំទ្រកិច្ចសហការក្នុងចំណោមក្រុមហ៊ុនជាសមាជិក ឱ្យមានភាពរីកចម្រើនប្រកបដោយនិរន្តរភាព ចូលរួមលើកកម្ពស់កិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការរកវិធីសាស្ត្រ ដើម្បីជួយសម្របសម្រួលគាំទ្រដល់ក្រុមហ៊ុនសមាជិក និងចូលរួមជាមួយវិស័យឯកជន ឬស្ថាប័នពាក់ព័ន្ធនានា ដើម្បីផ្សព្វផ្សាយ អនុវត្តច្បាប់ និងបទបញ្ញត្តិជាធរមាន ដូចជា ច្បាប់ស្តីពីម៉ាកពាណិជ្ជនាម កម្មសិទ្ធិបញ្ញា ការប្រកួតប្រជែងមិនស្មោះត្រង់ និងការនាំចូល ជាដើម-ល-។
សូមជម្រាបថា ក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ ដែលមានលោកស្រីឧកញ៉ា លីម ឈីវហូរ ជាប្រធានស្ថាបនិក និងលោក តាន់ សែឆាយ ជាអគ្គនាយក គឺជាក្រុមហ៊ុននាំចូលនិងចែកចាយផ្តាច់មុខនូវប្រភេទស្រាថ្លៃៗដូចជា ស្រាវីស្គី និងស្រាបៀរ ជាច្រើនប្រភេទ រហូតដល់ទៅជាង ១៥មុខ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ក្នុងនោះមានដូចជា Hennessy, Johnnie Walker, Katsuyama, Corona Extra, Budweiser, Moet & Chandon, Glenmorangie, Belvedere Vodka, Terrazas, Chandon, Cloudy Bay (New Zealand), Krug, Becks Ice, Veuve Clicquot និង Cheval Andes៕