មិនដើម្បីប្រាក់ចំណេញ! ឧកញ៉ា សំ សុខនឿន ឆ្លៀតពេលសរសេរសៀវភៅពីជីវិតរបស់ខ្លួន ឱ្យពលរដ្ឋខ្មែរស្វែងយល់ជាប្រយោជន៍

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN REALTY ​​គ្រោង​នឹង​បោះពុម្ភសៀវភៅ​និយាយ​ពី​ជីវិត​តស៊ូ​​ផ្ទាល់​ខ្លួន មាន​ចំណង​ជើង​ថា «គ្រឹះជីវិតនៃឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» នៅ​ខែមករា ឆ្នាំ២០២៤ ខាង​មុខ​នេះ។ លោកឧកញ៉ា បាន​ឱ្យ​ដឹង​ថា ​​សៀវភៅ​មួយ​ក្បាល​នេះ​ជា​ការ​ឆ្លៀត​ពេល​ខិតខំ​សរសេរ​ពី​បទពិសោធន៍​ជីវិត​របស់​លោក ហើយ​លោក​ធ្វើ​ឡើង​​មិនមែន​ដើម្បី​ប្រាក់​ចំណេញ​​នោះ​ទេ តែ​ដើម្បី​​ចែក​រំលែក​ឱ្យ​សាធារណៈជន​​​បាន​សិក្សា​ស្វែង​យល់​ជា​ប្រយោជន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា​បណ្ឌិត បាន​លើកឡើង​លើ​ទំព័រ​ហ្វេសប៊ុក កាលពី​រសៀល​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា ឪពុកម្តាយ​របស់លោក​ជាអតីត​​កសិករ​ស្រុក​ក្រូចឆ្មារ ហើយ​លោក​ក៏​ជាអតីតកូនកសិករស្រុកក្រូចឆ្មារ។ លោក​បន្ត​ថា ជីវិតជា​កសិករ​មិនងាយស្រួលទេ ធ្វើចម្ការ​ថ្នាំ ឆ្នាំខ្លះចំណេញ ឆ្នាំខ្លះខាត ពេលខ្លះឈ្មួញ​កណ្តាល​ប្រើតិចនិច​ទម្លាក់​តម្លៃ រហូតឪពុកម្តាយ​របស់​លោក​ខាតអស់ទាំងដើមក៏មាន។ ចំណែក​លោក​វិញ ចង់សិក្សារៀនសូត្រ តែនៅពេលនោះ សូម្បីប្រាក់រៀនគួរនៅអនុវិទ្យាល័យ និងវិទ្យាល័យមិនគ្រប់ផង ត្រដាប់ត្រដួសគ្រប់ពេល។ ជាសំណាង​ល្អ​បាន​ចេះ​ភាសាអង់គ្លេសខ្លះៗ បានបកប្រែ បានលុយខ្លះៗ រហូត​បានបន្តការសិក្សានៅសាកលវិទ្យាល័យ។

លោកឧកញ៉ា បាន​បន្ថែម​ដូច្នេះ​ថា៖ “ជីវិតពិតជាមិនស្រួលទេ តែភាពលំបាកបានបង្រៀនខ្ញុំឱ្យរឹងមាំ​ដោយខ្លួនឯង ចេះរកលុយដោយខ្លួនឯង ហើយបន្តការងារអាជីពក្នុងវិស័យអចលនវត្ថុ ពី ០​ដុល្លារ​ ​មកដល់បច្ចុប្បន្ន។ ទោះ​មិន​មែន​ជាសេដ្ឋីពាន់លាន តែខ្ញុំពេញចិត្តនឹងអ្វីដែលខ្ញុំមាន។ ដូច្នេះឆ្លៀតពេលខំសរសេរសៀវភៅ ចែករំលែក​ជូន​បងប្អូនអំពីគ្រឹះនៃជីវិតរបស់ខ្ញុំ ដើម្បីស្វែងយល់ ក្រែងអាចបានជាប្រយោជន៍ដល់បងប្អូន។ បោះពុម្ភ​សៀវភៅនេះ មិនមែនដើម្បីចំណេញជាប្រាក់ទេ តែដោយមានបេះដូងចែករំលែក”។

សូម​ជម្រាប​ថា សៀវភៅ «គ្រឹះជីវិតនៃឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» មានកម្រាស់​ជាង ២០០​ទំព័រ។ ខ្លឹមសារសៀវភៅរៀបរាប់ពីជីវិតតស៊ូ ការកសាងសមត្ថភាព ផែនការអាជីវកម្ម ប្រមូលផ្តុំទស្សនៈ និងផ្នត់​គំនិតវិជ្ជមាន ពិសេសយុទ្ធសាស្ត្រក្នុងការធ្វើជំនួញក្នុងវិស័យអចលនទ្រព្យ។

លោកឧកញ៉ា សំ សុខនឿន ​ធ្លាប់​បានគូសបញ្ជាក់​ផង​ដែរ​ថា អត្ថន័យក្នុងសៀវភៅ ដែលត្រូវបាន​សម្រិត​សម្រាំង​នេះ គឺផ្អែកទាំងស្រុងលើការពិត និងការអនុវត្តជាក់ស្ដែងនាពេលកន្លងមក និងបានចំណាយពេល​ដ៏មមាញឹកពី​ការធ្វើជំនួញ​សរសេរសៀវភៅនេះឡើងជិតមួយឆ្នាំ ទុកគ្រាន់ជាស្នាដៃ និងបទពិសោធន៍ សម្រាប់យុវជន​ជំនាន់​ក្រោយឈ្វេងយល់ក្នុងវិថីជំនួញអចលនទ្រព្យឱ្យទទួលបានភាពជោគជ័យ ពិសេស​ដើម្បី​លើកកម្ពស់​ការអាន​នៅ​ក្នុងប្រទេសកម្ពុជា​ផង​ដែរ៕