លោកឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ (CYEAD) បានដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិក អញ្ជើញចូលសម្តែងការគួរសម និងសំណេះសំណាលកិច្ចការធុរកិច្ចជាមួយ ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសឥណ្ឌូនេស៊ី ប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកឧកញ៉ាប្រធានសមាគម បានឱ្យដឹងថា ជំនួបខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញពីឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ក្នុងគោលបំណងដើម្បីពង្រីកពង្រឹងលើការវិនិយោគនានា ជាពិសេសលើវិស័យសេដ្ឋកិច្ច រវាងប្រទេសកម្ពុជា-ឥណ្ឌូនេស៊ី ក៏ដូចជាការផ្តល់ឱកាសសម្រាប់សហគ្រិនរវាងប្រទេសទាំងពីរ ឱ្យមានឱកាសសហការរួមគ្នា ដើម្បីនាំចេញ-នាំចូលផលិតផលកម្ពុជា-ឥណ្ឌូនេស៊ី ព្រមទាំងគោលបំណងបង្កើនការនាំចេញ-នាំចូល ឱ្យមានទំហំទឹកប្រាក់ឱ្យលើសពី ១០០០លានដុល្លារក្នុងមួយឆ្នាំ។
លោកឧកញ៉ា បានបន្តថា ឥណ្ឌូនេស៊ី ជាប្រទេសដែលមានប្រជាពលរដ្ឋជាង ២០០លាននាក់ ដែលមានទំហំទីផ្សារធំក្នុងការនាំចេញផលិតផលពីកម្ពុជាទៅឥណ្ឌូនេស៊ី ហើយប្រទេសឥណ្ឌូនេស៊ី ក៏គ្រោងនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៧ លើពិភពលោក ក្នុងឆ្នាំ២០៣០ នាពេលខាងមុខ។

បន្ថែមពីនេះ លោកឧកញ៉ាប្រធានសមាគម ក៏បានថ្លែងបង្ហាញពីសកម្មភាពស្នូល និងលទ្ធផលសម្រេចបានរបស់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍កន្លងមក ព្រមទាំងបានបង្ហាញនូវសមាសភាពសមាជិករបស់សមាគមផងដែរ។ លោកឧកញ៉ា ហុង ឆេងឈុន ក៏បានបង្ហាញជាសង្ខេបនូវបរិយាកាសសេដ្ឋកិច្ច និងផលិតផល ជាពិសេសទិន្នផលកសិកម្មដែលកម្ពុជាផលិតបាន ដើម្បីឱ្យភាគីឥណ្ឌូនេស៊ី អាចពិនិត្យលទ្ធភាពក្នុងការបញ្ជារទិញ ឬនាំចេញទៅប្រទេសឥណ្ឌូនេស៊ី។
ជាមួយគ្នានេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម និងការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាភិបាល ព្រមទាំងសមាជិកទាំងអស់។ ស្មារតីជាលទ្ធផលនៃជំនួបពិភាក្សានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានអញ្ញើញថ្នាក់ដឹកនាំ ក៏ដូចជាសមាជិកនៃសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ ទៅទស្សនៈកិច្ចនៅប្រទេសឥណ្ឌូនេស៊ី នាពេលឆាប់ៗខាងមុខ និងផ្តល់អនុសាសន៍ឱ្យមានការផ្តួចផ្តើមធ្វើកម្មវិធីផ្គូរផ្គងអាជីវកម្ម និងធុរកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ីផងដែរ។
សូមជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ឥណ្ឌូនេស៊ី ពីខែមករា-សីហា ឆ្នាំ២០២៣ មានទឹកប្រាក់ ៦២៧,៣ លានដុល្លារ កើនឡើង ២០,៩១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ (៥១៨,៨ លានដុល្លារ)។ រីឯភ្ញៀវទេសចរឥណ្ឌូនេស៊ីមកកម្ពុជា ពីខែមករា-សីហា ឆ្នាំ២០២៣ មានចំនួន ៨២.២២៦ នាក់ កើនឡើង ១១០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ មានចំនួន ៣៩.១៥៩ នាក់៕




