ក្នុងថ្ងៃកំណើតរបស់ខ្លួន ឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បានបរិច្ចាកថវិកាផ្ទាល់ខ្លួន ១៥លានរៀល ជូនដល់មន្ទីពេទ្យគន្ធបុប្ផាកម្ពុជា។ នេះ បើតាមការលើកឡើងរបស់ ឧកញ៉ាអគ្គមហាឧបាសិកា នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឧកញ៉ា ញ៉ឹក ប៊ុនថា អគ្គមហាឧបាសិកា និងជាស្ថាបនិកមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា បានកើតនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្នុងឆ្នាំនេះ អគ្គមហាឧបាសិកា មានវ័យ៧០ឆ្នាំហើយ។
ឧកញ៉ា អគ្គមហាឧបាសិកា ជានិច្ចកាលតែងតែចូលរួមសង្គមតាមគ្រប់រូបភាពផ្សេងៗ ដូចជា ការផ្ដល់ជូនជាថវិកា ហើយជារៀងរាល់ឆ្នាំគឺតែងតែចូលរួមជួយដល់កាកបាទក្រហមកម្ពុជា ម្យ៉ាង អគ្គមហាឧបាសិកាតែងតែផ្ដល់ជាធម្មទានដល់ពុទ្ធបរិសត្វជានិច្ច ដើម្បីបានជាឱសថព្យាបាលផ្លូវចិត្ត។
ឧកញ៉ា ញ៉ឹក ប៊ុនថា ត្រូវបានប្រមុខរដ្ឋស្ដីទី សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ផ្ដល់គោរមងារជា «ឧកញ៉ា» កាលពី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០០៣៕
អត្ថបទ៖ សុកធា


