លោកស្រីអ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុនផលិតទឹកបរិសុទ្ធ វីតាល់ និងស្វាមី លោក ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំពិធីបើកការដ្ឋានពង្រីករោងចក្រផលិតទឹកបរិសុទ្ធ វីតាល់ នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ពិធីនេះធ្វើឡើងក្រោមព្រះវត្តមានសម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ នន្ទិយោ ព្រះចៅអធិការវត្តមហានន្ទិយនេរញ្ជរារាមនិវេទ ហៅវត្តព្រែកប្រាំង ស្ថិតនៅភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ផលិតទឹកបរិសុទ្ធ វីតាល់ ជាច្រើននាក់ផងដែរ។

ឈរជើងក្នុងទីផ្សារកម្ពុជាជាងមួយទស្សវត្សរ៍ វីតាល បានសាងភាពល្បីល្បាញ និងបង្កើតនូវស្តង់ដារមួយដែលមានការទទួលស្គាល់ពីសហគមន៍ជាតិ និងអន្តរជាតិ។ រហូតមកដល់សព្វថ្ងៃនេះ វីតាល់នៅតែជាផលិតផលនាំមុខគេនៅលើទីផ្សារ ដែលផ្តល់ជូនទឹកពិសាដល់ប្រជាជនរាប់លាននាក់ជារៀងរាល់ថ្ងៃ។ វីតាល់ ក៏ត្រូវបានជ្រើសរើសជាទឹកពិសាផ្លូវការ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលបានប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ កាលថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
សូមជម្រាបថា អ្នកឧកញ៉ា ជឹង សុគន្ធាវី ដែលជាថ្នាក់ដឹកនាំក្រុមហ៊ុនផលិតទឹកបរិសុទ្ធ វីតាល់ ត្រូវបានគេស្គាល់ថា ជាកូនស្រីបង្កើតរបស់អ្នកឧកញ៉ា ឡៅ ម៉េងឃីន និងអ្នកឧកញ៉ា ជឹង សុភាព ហៅ «យាយភូ»។ អគ្គនាយិកាក្រុមហ៊ុនផលិត មីជាតិ រូបនេះ ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅដើមខែមករា ឆ្នាំ២០២១៕




