ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី (JS Land Plc) ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលបានបង្កើតឡើងដោយសហគ្រិនវ័យក្មេងមួយក្រុម ជិតមួយទសវត្សរ៍មកហើយ។ ក្រុមហ៊ុននេះ មានសមាសភាពក្រុមប្រឹក្សាភិបាលចំនួន ៥រូប ក្នុងនោះមាន លោកឧកញ៉ា កូយ ឡេសាន ជាប្រធានក្រុមប្រឹក្សាភិបាល និងលោកឧកញ៉ា ម៉េង លី ជាសមាជិកក្រុមប្រឹក្សាភិបាល។
តាមរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី ត្រូវបានបង្កើតឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ ដោយសហគ្រិនមួយក្រុមមានសមាជិក ៥រូប មកពីប្រទេសកម្ពុជា ម៉ាឡេស៊ី និងទីក្រុងហុងកុង។ សមាសភាពក្រុមប្រឹក្សាភិបាល ដែលជាស្ថាបនិក រួមមាន ឧកញ៉ា កូយ ឡេសាន ប្រធានក្រុមប្រឹក្សាភិបាល, លោក Dato’ Yab Ting Chiat អភិបាលប្រតិបត្តិ, ឧកញ៉ា ម៉េង លី អភិបាលមិនប្រតិបត្តិ, លោក Tang Chun Kiu អភិបាលមិនប្រតិបត្តិ និងលោក តាន់ សែឆាយ អភិបាលឯករាជ្យ។
ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី បានចាប់ផ្តើមគម្រោងដំបូងរបស់ខ្លួនគឺ The Garden Residency 1 នៅក្នុងឆ្នាំ២០១៥ ដែលជាគម្រោងខុនដូ សម្រាប់ការរស់នៅមានលក្ខណៈទាន់សម័យ ទៅតាមតម្រូវការនៃការរស់នៅរបស់យុវជនជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះ បានបញ្ចប់ជោគជ័យ និងប្រគល់ជូនអតិថិជនរួចរាល់នៅឆ្នាំ២០១៩។
នៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុនរបស់លោកឧកញ៉ា កូយ ឡេសាន មួយនេះ បានចាប់ផ្តើមគម្រោងទី២ របស់ខ្លួន មានឈ្មោះថា The Garden Residency 2។ ការសាងសង់គម្រោងទី២នេះ បានចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០២០ ហើយរំពឹងថា នឹងត្រូវបានបញ្ចប់ និងប្រគល់ជូនអតិថិជនរួចរាល់ នៅចុងឆ្នាំ២០២៣នេះ៕