គោរមងារឧកញ៉ា សំដៅដល់ងារកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដោយព្រះរាជក្រឹត្យទៅតាមលំដាប់ថ្នាក់ ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរដែលមានគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍនិងកសាងជាតិ។ គោរមងារឧកញ៉ា នៅកម្ពុជាបច្ចុប្បន្ន មាន៣លំដាប់ថ្នាក់គឺ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា។ ទោះយ៉ាងណា គោរមងារឧកញ៉ា អាចនឹងត្រូវបានបញ្ចប់វិញ ក្នុងលក្ខខណ្ឌ៥យ៉ាង។
យោងតាមព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ជំពូកទី៩ មាត្រា២៣ បានចែងថា គោរមងារឧកញ៉ាអាចត្រូវបានបញ្ចប់ ក្នុងករណីណាមួយដូចខាងក្រោម៖
១. គោរមវន្តសុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត
២. គោរមវន្តមិនបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំ រយៈពេល៣ឆ្នាំជាប់គ្នា ដោយគ្មានមូលហេតុ
៣. គោរមវន្តត្រូវផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ
៤. ត្រូវបានរកឃើញថាគោរមវន្តបានប្រព្រឹត្តល្មើសនឹងរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា មិនប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ប្រកបមុខរបរខុសច្បាប់ និងធ្វើសកម្មភាពណាដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លែថ្នូររបស់គោរមងារឧកញ៉ា។
៥. ត្រូវបានរកឃើញថាសំណុំឯកសារស្នើសុំគោរមងារឧកញ៉ារបស់គោរមវន្តមានការក្លែងបន្លំ។
សូមជម្រាបថា ព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា បានបង្កើតគណៈកម្មការអន្តរក្រសួងពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារនិងការបញ្ចប់គោរមងារឧកញ៉ា ដែលសរសេរជាអក្សរកាត់ថា គ.ព.វ.គ. មានសមត្ថកិច្ចពិនិត្យ វាយតម្លៃ និងលើកយោបល់ជូននាយករដ្ឋមន្ត្រីលើសំណើសុំផ្តល់ និងបញ្ចប់គោរមងារឧកញ៉ា។ ដូច្នេះការបញ្ចប់គោរមងារឧកញ៉ា ក៏នឹងត្រូវឆ្លងកាត់គណៈកម្មការនេះផងដែរ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល ទើបចេញសេចក្តីសម្រេចចំនួន ២ទំព័រចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រេចតែងតាំងលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារនិងការបញ្ចប់គោរមងារឧកញ៉ា និងអនុប្រធានចំនួន ២រូប គឺលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធាន, លោក ឈួន ឆាម រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ជាអនុប្រធានប្រចាំការ ហើយក្នុងនោះមាន អ្នកឧកញ៉ា លី ហួរ ស្ថិតក្នុងគណៈកម្មការអន្តរក្រសួងនេះផងដែរ៕