កាលពីរសៀលថ្ងៃពុធទី៧ ខែ តុលា ឆ្នាំ២០២០ លោកឧកញ៉ា ម៉ុង ឬទ្ធី ដែលជាប្រធានសមាគមជួយប្រជាជនកម្ពុជា(ស.ជ.ប្រ.ក)បានទទួលអំណោយជាលើកទី១ពីក្រុមហ៊ុនអាតូមីមកពីប្រទេសកូរ៉េខាងត្បូង ទឹកប្រាក់ចំនួនUSD300.000.00 (បីរយពាន់ដុល្លារសហរដ្ឋអាមេរិក)សម្រាប់យកមកសាងសង់លំនៅឋានជូនប្រជាជនក្រីក្រ។

លំនៅឋាន ដែលគ្រោងសាងសង់នៅ មានទំហំ10m x 12mចំនួន១៨ខ្នង ដោយក្នុងមួយខ្នងស្នាក់នៅបានចំនួន២គ្រួសារសរុប៣៦គ្រួសារ ក្នុងនោះមានសាលាមត្តេយ្យពីរកន្លែងផងដែរ។

តាមផែនការគំរោងដែលត្រូវសាងសង់នេះមាន២ទីតាំង ដែលគំរោងទី១មានទីតាំងស្ថិតនៅតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ(ខេត្តកំពង់ស្ពឺ)។ គំរោងទី២ភូមិអន្លង់ក្រពើ ឃុំតា នៃ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ(ចុងខាងលិចភ្នំបូកគោ)។

គំរោងមួយនេះក្រុមហ៊ុនអាតូមីជាអ្នកចំណាយថវិកាសាងសង់សំណង់លំនៅឋាន និងសាលាមត្តេយ្យ ចំណែកក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុបជាអ្នកចំណាយថវិកាទិញដីសម្រាប់សាងសង់លំនៅឋាន និងសាលាមត្តេយ្យ សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក ភ្លើង ជ្រើសរើសប្រជាជនអោយមកស្នាក់នៅ រកការងារអោយពួកគាត់ធ្វើ មើលថែរក្សាសុខទុក្ខរបស់ពួកគាត់ ។

លក្ខខណ្ឌប្រជាជនដែលអាចមករស់នៅក្នុងលំនៅឋាននេះបាន ត្រូវគោរពតាមលក្ខខណ្ឌដូចតទៅ មិនមានសិទ្ធិលក់ឬបញ្ចាំផ្ទះនេះ មិនសែបគ្រឿងស្រវឹង គ្រឿងញៀនគ្រប់ប្រភេទ គោរពច្បាប់រដ្ឋជាធរមាន ។

កិច្ចសហប្រតិបត្តិការមនុស្សធម៌នេះនិងត្រូវមានជាបន្តបន្ទាប់ទៀត ដោយផ្តោតសំខាន់បំផុតលើវិស័យសុខាភិបាល ។
ជាទីបញ្ចប់ឯកឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឬទ្ធី ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកផាក អគ្គនាយកក្រុមហ៊ុនអាតូមីដែលបានចំណាយថវិកាមកជួយសាងសង់លំនៅឋាន និងសាលាមត្តេយ្យជូនអោយដល់ប្រជាជនកម្ពុជានេះ ។





