ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ វិរៈសិល្បករចាប៉ីដងវែងកម្ពុជា មានទម្លាប់ចម្លែកមួយ គឺលោកសម្រាន្តតែពេលថ្ងៃ មិនដែលសម្រាន្តពេលយប់នោះទេ ស្ទើរតែពេញមួយជីវិតរបស់លោកទៅហើយ។
ជាទូទៅមនុស្សគ្រប់គ្នាតែងតែគិតថា ការគេងខុសពេលខុសវេលាអាចនឹងនាំឱ្យមានជំងឺ និងសុខភាពឆាប់ចុះខ្សោយ ផ្ទុយទៅវិញព្រឹទ្ធាចារ្យ គង់ ណៃ ស្ទើរតែពេញមួយជីវិតទៅហើយដែលគេងតែនៅពេលថ្ងៃ តាំងនៅលោកនៅកុមារភាព។ ជាទម្លាប់លោកតា គង់ ណៃ គេងចាប់ពីម៉ោង៩ ឬម៉ោង១០ព្រឹក រហូតដល់ពេលល្ងាច តែនៅពេលយប់លោកព្រឹទ្ធាចារ្យ ពុំសម្រាន្តនោះទេ។ ទោះយ៉ាងណា លោកព្រឹទ្ធាចារ្យ នៅតែមានព្រះជន្មវែង។
តាមរយៈវីដេអូឃ្លីបដែលលោកឧកញ៉ា យឹម តាស្រង់ នាយកប្រតិបត្តិក្រុមហ៊ុន EEw9 បានបង្ហោះលើហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ ពេលលោកនាំយកថវិកា ផ្លែឈើ និងយិនស៊ីនជំនួយសុខភាព EEw9 ទៅជូនព្រឹទ្ធាចារ្យ គង់ ណៃ បានបង្ហាញឱ្យដឹងថា លោកតាមានទម្លាប់ចូលចិត្តនិពន្ធ និងច្រៀងចម្រៀងចាប៉ីនៅពេលយប់ ដែលជាជំនាញរបស់លោក។
សូមបញ្ជាក់ថា លោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ទទួលបានពានរង្វាន់សិល្ប:វប្បធម៌ហ្វូគុអូកា នៃប្រទេសជប៉ុន ឆ្នាំ២០១៧ និងទទួលបានគោរម្យងារវិរៈសិល្បករ មរតកមនុស្សរស់ ពីសម្តេចតេជោ ក្រោយពេលដែលចាប៉ីដងវែងកម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ។ សព្វថ្ងៃលោកព្រឹទ្ធាចារ្យ មាននអាយុ ៧៨ឆ្នាំហើយ ប៉ុន្តែលោកពុំសូវមានកម្លាំងដូចមុននោះទេ៕