ឧកញ៉ា លាង ហ៊ី និងលោកជំទាវ ហេង សុកគៀង ស្ថាបនិក ក្រុមហ៊ុន ឃូ ថៅអឺរ (Khou Tower) នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីបុកគ្រឹះបើកការដ្ឋានសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ដ៏ធំទំនើបនៅកណ្ដាលបេះដូងរាជធានីភ្នំពេញ។

ក្នុងកម្មវិធីបញ្ចុះបឋមសិលាបុកគ្រឹះសាងសង់សណ្ឋាគារដ៏ប្រណីតលំដាប់ផ្កាយ៥នេះ អញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម លោកជំទាវ, លោកឧកញ៉ាៗ ព្រមទាំងបងប្អូនសាច់ញាតិ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ពិធីបញ្ចុះបឋមសិលាសាងសង់សណ្ឋាគារលំដាប់ផ្កាយ ៥ នេះ ត្រូវបាននិមន្តប្រោះព្រំរណ្តៅគ្រឹះដោយសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

សណ្ឋាគារលំដាប់ផ្កាយ៥ ដែលសាងសង់ដោយ ក្រុមហ៊ុន ឃូ ថៅអឺរ (Khou Tower) នឹងចាប់ផ្ដើមដំណើរការសាងសង់នៅចុងឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតនៅ #54, មហាវិថីព្រះមុនីវង្ស កែងផ្លូវ 88 និងផ្លូវ 75 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សណ្ឋាគារកម្រិតអន្តរជាតិ Marriott International Hotel នេះ មានគម្រោងសាងសង់បន្ទប់ជាង 200បន្ទប់, កន្លែងសន្និសីទ, កន្លែងហាត់ប្រាណ, ស្ប៉ា, កន្លែងទទួលភ្ញៀវ, ភោជនីយដ្ឋានឯកទេស (specialty restaurant), ស្កាយបារ និងអាងហែលទឹកប្រវែង 26 ម៉ែត្រ ,មានចំណតម៉ូតូ ជាង400 កន្លែង និងចំណតរថយន្ត ជាង200 កន្លែង ។ ជាមួយគ្នា គម្រោងនេះក៏រួមបញ្ចូលផងដែរនូវមជ្ឈមណ្ឌលការិយាល័យកម្រិត A និងកន្លែងជួល ធនាគារជាន់ផ្ទាល់ដី។
ជាមួយនឹងការបើកគម្រោងសាងសង់សណ្ឋាគារថ្មីនេះដែរ ស្ថាបនិក ឃូ ថៅអឺរ (Khou Tower) ឧកញ៉ា លាង ហ៊ី មានជំនឿចិត្តយ៉ាងមុតមាំថា សណ្ឋាគារកម្រិតអន្តរជាតិនេះ នឹងបានចូលចំណែកអភិវឌ្ឍជាតិ ផ្ដល់ការងារនិងអភិវឌ្ឍធនធានមនុស្ស ដែលស្របជាមួយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលថ្មី។

គួរជម្រាបជូនផងដែរថា សណ្ឋាគារលំដាប់ផ្កាយ 5 អន្តជាតិ Marriott International Hotel ជាគម្រោងសណ្ឋាគារទី២ ហើយដែលបាននឹងសាងសង់បន្ទាប់ពីជោគជ័យ លើវិស័យសណ្ឋាគារទី១ ដែលមានឈ្មោះថា ខតយ៉ាត បាយ ម៉ារីត (Courtyard by Marriott) ក្រៅពីអាជីវកម្មសណ្ឋាគារ លោកឧកញ៉ា លាង ហ៊ី ក៏មានគម្រោងផ្សេងទៀតផងដែរ ដូចជា មជ្ឈមណ្ឌលការិយាល័យ និងបុរីLHL ៕
អត្ថបទ៖ សុកធា











