ឧកញ៉ា សឹង ចាតវិជ្ជា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ូរៀ បានបង្ហើបឱ្យដឹងថា លោកជាកូនគ្រូបង្រៀនបឋមសិក្សា និងអ្នកលក់ខោអាវជជុះ ហើយបានខិតខំរៀនសូត្រស្នាក់នៅតាមទីវត្តអារ៉ាម ទម្រាំរហូតមកដល់បច្ចុប្បន្នក្លាយជាយុវជនម្នាក់ ដែលជាទីពឹងរបស់ក្រុមការងារជាច្រើន។
លោកឧកញ៉ា បានលើកឡើងលើហ្វេសប៊ុក កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ថា ពីកូនគ្រូបង្រៀនបឋម និងលក់ខោអាវជជុះ រៀនសូត្រស្នាក់នៅវត្តក្លាយជាយុវជនម្នាក់ដែលជាទីពឹងរបស់ក្រុមការងារជាច្រើន និងផ្តល់ឱ្យអ្នកដទៃបាននូវគំនិត ចំណេះដឹង ការលើកទឹកចិត្ត ការចែករំលែក លោកពិតជាមានមោទនភាពណាស់។ លោកក៏សូមអរគុណដល់អ្នកមានគុណ បង ប្អូន យាយតា អ៊ំ ពូ មីង ដែលតែងតែគាំទ្រទូន្មានព្រានប្រដៅ ខ្វាយខ្វល់ និងលើកទឹកចិត្តដល់លោកតាំងពីក្មេងមក ជូនពរបងប្អូនជោគជ័យគ្រប់ភារកិច្ច។ ហើយជាពិសេសត្រូវបន្តរស់នៅជាមួយស្នាមញញឹម ក្តីសង្ឃឹម និងភាពជឿជាក់។
ស្ថាបនិកក្រុមហ៊ុន ម៉ូរៀ រូបនេះ បានបន្ថែមថា លើលោកនេះមានតែយើងប៉ុណ្ណោះ ដែលអាចកែប្រែគ្រប់យ៉ាងបាន ពីក្នុងត្រូវមានធម៌ សច្ចៈ នោះជីវិតនេះនឹងពោរពេញទៅដោយគុណភាព។ បើសិនជាអ្នកលំបាកក្រខ្សត់ សូមអ្នកចាំថាអ្នកមានបាតដៃទទេដ៏ស្មោះត្រង់ ហើយត្រូវតែឈរលើគោលការណ៍តស៊ូជានិច្ច។ ជីវិតមិនមានផ្លូវកាត់ទេ ហើយក៏មិនមានសៀវភៅមេរៀនជីវិត ដែលអាចគូសវាសជីវិតអ្នកដែរ តែទំនាក់ទំនងល្អ រាប់អានមនុស្សត្រូវ គឺជាស្ពានអាកាសដែលអាចធ្វើឱ្យអ្នករំលងបាននូវឧបសគ្គជាច្រើន។ បើសិនជាអ្នកអនុញ្ញាតទទួលយកឱវាទខ្លីមួយសម្រាប់ជីវិត លោកសូមនិយាយថា «យកភាពស្មោះត្រង់ជាដើមទុន អនុវត្តឱ្យបានរាល់ពាក្យដែលអ្នកនិយាយ ហើយបង្កើនទំនាក់ទំនងរាប់អានមនុស្សពិត» នោះជីវិតអ្នកនឹងមានគុណភាពពិតប្រាកដ។
សូមជម្រាបថា ឧកញ៉ា សឹង ចាតវិជ្ជា ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ូរៀ ដែលមានភរិយារបស់លោកគឺ លោកស្រី កេន អច្ឆរ៉ា ជាអគ្គនាយិកា ហើយលោកក៏ជាស្ថាបនិកក្លឹបជំនួញ MasterLife Club ដែលតែងតែចែករំលែកនូវចំណេះដឹងអំពីអាជីវកម្មជាច្រើន។ លោក សឹង ចាតវិជ្ជា ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣៕