ឧកញ៉ាវ័យក្មេង អ៊ុក សំរិទ្ធិពេជ្រ នាយកក្រុមហ៊ុន ចតុមុខ សឺវីស គ្រុប បានរួមគ្នាជាមួយអ្នកវិនិយោគិនទាំងក្នុងស្រុកនិងបរទេសចំនួន៣រូបទៀត គ្រោងបើកក្រុមហ៊ុនលក់រថយន្តអគ្គិសនីដ៏ល្បីរបស់ចិន BYD សាខាព្រះមុន្នីវង្ស ក្នុងពេលឆាប់ៗខាងមុខនេះ។
គម្រោងបើកក្រុមហ៊ុនលក់រថយន្តអគ្គិសនី BYD សាខាព្រះមុន្នីវង្សនេះ បានកើតមានឡើង បន្ទាប់ពីលោកឧកញ៉ា អ៊ុក សំរិទ្ធិពេជ្រ ដំណើរទស្សនកិច្ចដើម្បីស្វែងយល់អំពីខ្សែចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន BYD នៅក្នុងទីក្រុងសិនជិន (Shenzhen) នៃប្រទេសចិន កាលពីថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។ បន្ទាប់មក លោកឧកញ៉ា និងអ្នកវិនិយោគ៣រូបទៀតគឺ លោក Ly David, លោក Lim Kokloong និងអ្នកស្រី សុខ គីម បានចុះកិច្ចព្រមព្រៀងសហការគ្នា ត្រៀមបើកសាខា BYD នៅផ្លូវព្រះមុន្នីវង្ស កាលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន BYD Cambodia មានសាខាលក់ចំនួន ៣ទីតាំងក្នុងរាជធានីភ្នំពេញ។ នៅពេលឆាប់ៗខាងមុខនេះ BYD Cambodia ក៏គ្រោងនឹងការបើកដំណើរការសាខា ២ផ្សេងទៀត នៅក្នុងផ្សារទំនើបជីបម៉ុងមេហ្គាម៉ល ២៧១ និងនៅលើមហាវិថីព្រះមុន្នីវង្ស។
លោកឧកញ៉ា អ៊ុក សំរិទ្ធិពេជ្រ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Houston សហរដ្ឋអាមេរិក ដោយបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម បរិញ្ញាបត្រផ្នែកពាណិជ្ជកម្មអន្តរជាតិ និងបរិញ្ញាបត្រផ្នែកគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់។ បច្ចុប្បន្នលោក អ៊ុក សំរិទ្ធិពេជ្រ កំពុងមានជំនួញសំខាន់ៗក្នុងដៃដូចជា ក្រុមហ៊ុនកម្ចាត់សត្វល្អិត Orkin, ក្រុមហ៊ុន IFS, ក្រុមហ៊ុន Fumex និងម្ចាស់ហាង Tube Coffee Central នៅផ្សារទំនើប Sami Square ខណ្ឌទួលគោក, Tube Coffee ផ្សារដំរីផាក ខណ្ឌឬស្សីកែវ, ក្រុមហ៊ុន Hosana Construction, ក្រុមហ៊ុន Neavea Catering, អាហារដ្ឋាន នរា និងក្រុមហ៊ុន BYD Cambodia សាខាព្រះមុន្នីវង្ស។ លោក អ៊ុក សំរិទ្ធិពេជ្រ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣៕