លោកស្រី សុខ ស្រីអូន អគ្គនាយិកាក្រុមហ៊ុន យូភីភី សាឡន & ខូសស្មិចតិច ភរិយារបស់លោកឧកញ៉ា អ៊ឹង គីមហុង យល់ឃើញថា សំណាងបំផុតរបស់មនុស្សស្រី គឺបានជួបមនុស្សប្រុសម្នាក់ ដែលស្រលាញ់ខ្លួនគ្រប់ពេលវេលាមិនប្រួលប្រែ ទោះជាពេលវេលាកន្លងទៅយូរឆ្នាំយ៉ាងណាក៏ដោយ។

លោកស្រី ម្ចាស់ហាងលក់ផលិតគ្រឿងសម្អាងរបស់កូរ៉េ និងលក់កាបូបនារីម្នាក់ល្បីៗរូបនេះ បានបង្ហោះសារភ្ជាប់ជាមួយនឹងរូបថតចាស់ៗរបស់លោកស្រីនិងស្វាមី ពេលជួបគ្នាដំបូងកាលជាង ២០ឆ្នាំមុនថា៖ “សំណាងបំផុតរបស់មនុស្សស្រី បានជួបមនុស្សម្នាក់ដែលស្រលាញ់យើងគ្រប់ពេលវេលា ទោះមួយជំហាន ក៏មិនដែលភ្លេច គិតដល់សុខទុក្ខយើង មនុស្សម្នាក់ដែលមិនព្រមទុកឱ្យយើងជួបការលំបាកតែម្នាក់ឯង មនុស្សម្នាក់ដែលខ្លាចបាត់បង់យើងបំផុត។ រីករាយថ្ងៃដែលស្គាល់គ្នាដំបូង១៨/១០/២០០១ – ១៨/១០/២០២៣។ ២២ឆ្នាំហើយ”។



លោកឧកញ៉ា អ៊ឹង គីមហុង និងលោកស្រី សុខ ស្រីអូន បានស្គាល់គ្នានិងចាប់ដៃគ្នាកសាងគ្រួសារមួយ រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈដែលអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្អែមជាប្រចាំ ទោះបីមមាញឹកមានមុខជំនួញក្នុងដៃរៀងៗខ្លួន។ ឧកញ៉ា អ៊ឹង គីមហុង ជាម្ចាស់បុរី TLL និងជាម្ចាស់ក្រុមហ៊ុនលក់ម៉ូតូហុងដាដ៏ធំផងដែរ។ កាលពីសប្តាហ៍មុន លោកឧកញ៉ា និងភរិយា ក៏ទើបតែធ្វើពិធីឡើងភូមិគ្រឹះថ្មី តម្លៃជិត ៥លានដុល្លារ នៅលើផ្លូវ២០០៤ ខណ្ឌពោធិ៍សែនជ័យ៕
