លោកស្រីឧកញ៉ា ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី និងគូដណ្តឹងលោក រស់ រាជ្ជសាល កាលពីថ្ងៃទី២១ ខែវិច្ឆិកា ម្សិលមិញនេះ បាននាំយកថវិកាចំនួន ១ម៉ឺនដុល្លារ ប្រគល់ជូនដល់កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។
ពិធីប្រគល់-ទទួលថវិកានេះ បានធ្វើឡើងក្រោមវត្ដមានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។ លោកស្រី ម៉ែន នារីសោភ័គ បាននាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រីឧកញ៉ា ទ្រី ដាណា និងលោក រស់ រាជ្ជសាល ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងក្នុងឱកាសផ្សេងៗជាហូរហែ។
សូមជម្រាបថា លោកស្រីឧកញ៉ា ទ្រី ដាណា ក្រៅពីជួយគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ឧកញ៉ាដ៏សប្បុរសរូបនេះ ក៏តែងតែចុះទៅដោយផ្ទាល់ជួយដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះគ្រប់រូបភាពដល់លំនៅឋានផ្ទាល់ ដែលមានជាថវិកា និងសម្ភារៈផ្សេងៗផងដែរ។ ជាពិសេសគឺបានចូលរួមជួយសង្គម តាមសកម្មភាពផ្សេងៗទៀត។ តាមរយៈការងារជួយសង្គមជាច្រើន ម្ចាស់ហាងពេជ្រ ដាណាទ្រី រូបនេះ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២៕