ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC បានបន្តដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ជូនសមាជិករបស់ FASMEC នៅខេត្តមណ្ឌលគិរី នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមពីអភិបាលរងខេត្ត ព្រមទាំងដៃគូសហការឧបត្ថម្ភនានា និងមានSME ចូលរួមសរុបប្រមាណ១០០នាក់ផងដែរ។

គោលបំណងនៃកម្មវិធីសិក្ខាសាលានេះ គឺដើម្បីចែករំលែកអំពីខ្សែសង្វាក់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងជួយបំពេញបន្ថែមនូវចំណេះដឹងដែលម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តនៅមានចំណុចខ្វះខាត។

គួរបញ្ជាក់ថា សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) កន្លងមក តែងតែរៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩» នៅបណ្តាខេត្តមួយចំនួន ដើម្បីជាការចែករំលែកខ្សែសង្វាក់ទីផ្សារក្នុងការនាំចេញ និងចែករំលែកចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម។

FASMEC គឺជាសម្ព័ន្ធដែលចងក្រងឡើង ដោយបណ្តុំសមាគម និង សហគ្រាសធុនតូច មធ្យមនៅកម្ពុជា។ FASMEC គឺផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាទៅទីផ្សារក្នុងស្រុកនិងអន្តរជាតិ។បេសកម្មចម្បងរបស់ FASMEC គឺធ្វើឱ្យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាមានការប្រមូលផ្តុំគ្នា និងសហការគ្នា ដើម្បីឱ្យគុណភាពផលិតផលប្រទេសកម្ពុជាមានការទទួលស្គាល់ជាលក្ខណអន្តរជាតិ។ លើសពីនេះ ក៏ជួយសម្របសម្រួលបរិយាកាសពាណិជ្ជកម្ម បង្កើតវគ្គបណ្តុះបណ្តាល បង្កើនផលិតភាព ការច្នៃប្រឌិត និងការប្រកួតប្រជែង ដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនតូចនិងមធ្យមផងដែរ៕



