ក្រសួងពាណិជ្ជកម្ម បានចេញលិខិតយល់ព្រមឱ្យក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ របស់លោកស្រីឧកញ៉ា លីម ឈីវហូរ ទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលស្រាម៉ាក «Johnnie Walker» នៅក្នុងព្រះរាជាណាចក្រកម្ពុជា រហូតដល់ឆ្នាំ២០២៥។

តាមរយៈលិខិតចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងបានឯកភាពទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលស្រាម៉ាក «Johnnie Walker» របស់ក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ ដែលទទួលបានសិទ្ធិពីក្រុមហ៊ុនម្ចាស់ម៉ាក Diageo Brands B.V.។ លិខិតក្រសួងដដែល បានបញ្ជាក់ទៀតថា ការទទួលសិទ្ធិផ្តាច់មុខនេះ មានសុពលភាពចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៥។


Johnnie Walker ជាស្រាវីស្គីលក់ដាច់បំផុតលើពិភពលោក ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨២០ នៅប្រទេសស្កុតឡែន។ ស្រាដែលមានអាយុកាលជាង ២សតវត្សនេះ បានក្លាយជាប្រេនដ៏ល្បីល្បាញបំផុតមួយនាពេលបច្ចុប្បន្ន និងកំពុងចរាចរលើទីផ្សារចំនួន ១៨០ប្រទេស នៅលើពិភពលោក។
ក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ របស់លោកស្រីឧកញ៉ា លីម ឈីវហូរ កំពុងនាំចូលនិងចែកចាយនូវប្រភេទស្រា និងស្រាបៀរជាង ១០មុខ ដែលរួមមានដូចជា Hennessy, Johnnie Walker, Katsuyama, Corona Extra, Budweiser, Moet & Chandon, Glenmorangie, Belvedere Vodka, Terrazas, Chandon, Cloudy Bay (New Zealand), Krug, Becks Ice, Veuve Clicquot, Cheval Andes។ ក្រៅពីប្រភេទស្រា ក្រុមហ៊ុនក៏បានផលិតចែកចាយលក់ទឹកបរិសុទ្ធយីហោ “ណាវី”។

សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ ក៏ទទួលបានសិទ្ធិពីក្រសួងពាណិជ្ជកម្ម ក្នុងការនាំចូល និងចែកចាយស្រាបៀរ Budweiser ទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ ផងដែរ៕