ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីចូលរួមក្នុង “សន្និសីទធុរកិច្ចឌីជីថល (Digital Busimess Conference) ២០២៣” នៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ។
កម្មវិធីសន្និសីទនេះ ប្រព្រឹត្តឡើងក្រោមអធីបតីភាព លោកបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ព្រមទាំងមានការចូលរួមផងដែរ ពីសំណាក់សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា, ក្រសួង-ស្ថាប័ន និងក្រុមហ៊ុនឯកជន ដែលស្ថិតក្នុងវិស័យនេះជាច្រើនផងដែរ។
សន្និសីទធុរកិច្ចឌីជីថល ២០២៣ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីស្វែងយល់បន្ថែមពីការជ្រោមជ្រែងធុរកិច្ចក្នុងប្រទេស ក៏ដូចជាបច្ចេកវិទ្យាថ្មីៗដើម្បីពន្លឿនអាជីវកម្ម រួមជាមួយនឹង ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ហើយនឹងមានបំណងពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃធុរកិច្ចថ្មី សហគ្រិនភាព និងនវានុវត្តន៍ តាមរយៈការបញ្ជាបការយល់ដឹងពីធុរកិច្ចថ្មីដល់តួអង្គពាក់ព័ន្ធ, ការពង្រីកបណ្តាញគាំទ្រ, ការផ្សព្វផ្សាយសេវាសាធារណៈពាក់ព័ន្ធនឹងការធ្វើធុរកិច្ច និងការជំរុញបរិវត្តកម្មឌីជីថលសហគ្រាស។ សន្និសីទធុរកិច្ចឌីជីថល ២០២៣ មានវេទិកាបទបង្ហាញ កិច្ចពិភាក្សា និងស្តង់ដាក់បង្ហាញផលិតផល និង សេវារបស់អង្គភាព និងស្ថាប័នជាច្រើន ដែលធ្វើការពាក់ព័ន្ធនឹងធុរកិច្ចថ្មី, ការចុះបញ្ជីអាជីវកម្ម និងការចាប់យក ឌីជីថលរបស់សហគ្រាស។ ជាមួយគ្នានោះ គណអធិបតីទាំងអស់ បានធ្វើការចូលរួម ពិព័រណ៍ធុរកិច្ចឌីជីថលក្រោមមូលបទ “ធុរកិច្ចថ្មី នវានុវត្តន៍ និងបច្ចេកវិទ្យា ក្នុងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល”។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ជាមួយនឹងចក្ខុវិស័យកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និងទាំងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី។ សម្រាប់គ្រឹះអាទិភាពជាយុទ្ធសាស្ត្រនៃធុរកិច្ចឌីជីថល មាន៣គឺ បរិវត្តកម្មឌីជីថលសហគ្រាស, ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងធុរកិច្ចថ្មី, ខ្សែច្រវាក់តម្លៃឌីជីថល៕