ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍកោះពេជ្រ និងតំបន់អភិវឌ្ឍកោះនរា វិនិយោគដោយក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ត្រូវផ្អាកធ្វើចរាចរចំពោះយានយន្តគ្រប់ប្រភេទ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ។

សេចក្តីណែនាំនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរនៅរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងខ្លឹមសារលិខិតដដែល រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ង់ត៍ ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ រថយន្តប្រកបអាជីវកម្មដឹកអ្នកដំណើរគ្រប់ប្រភេទ និងម៉ូតូសណ្តោងរ៉ឺម៉កគ្រប់ប្រភេទ ចូលរួមអនុវត្តតាមសេចក្តីណែនាំទាំង១៣ចំណុច ក្នុងនោះរួមមានទាំងការផ្អាកចរាចរនៅទីតាំងស្ពានកោះពេជ្រ-កោះនរា។




សូមជម្រាបថា ស្ពានខ្សែកាបកោះពេជ្រ-កោះនរា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ស្ពានដែលសាងសង់ដោយក្រុមហ៊ុន OCIC មួយនេះ ចំណាយថវិកាអស់ប្រមាណ ៣៨លានដុល្លារ និងបានក្លាយជាស្ពានដ៏សំខាន់មួយ ក្នុងការជួយកាត់បន្ថយដល់ការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតនៃរាជធានីភ្នំពេញ បានជាង២០ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និងស្រុកកៀនស្វាយ ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ៕