អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខាអូតែល កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បាននិមន្តព្រះធម្មវនវាសី ចន្ទ មុនី ជួយប្រោះព្រំនៅភូមិគ្រឹះរបស់អ្នកឧកញ៉ាផ្ទាល់ ហើយបន្ទាប់មក និមន្តទតការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមា កម្ពស់១០៨ម៉ែត្រ លើភ្នំបូកគោ។

ក្នុងថ្ងៃដដែលនេះដែរ ព្រះធម្មវនវាសី ចន្ទ មុនី បានប្រោះព្រំពុទ្ធបរិស័ទមកពីទីជិតឆ្ងាយយ៉ាងច្រើនកុះករ ដែលបានឡើងមកជួបព្រះអង្គនៅលើភ្នំបូកគោ។ ជាមួយគ្នានោះ ព្រះអង្គមានសទ្ធាជ្រះថ្លាបានវេរបច្ច័យសរុបចំនួន ១៤,៥០០ ដុល្លារអាមេរិក និង ៣លានរៀល ដើម្បីចូលរួមកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ។
សូមជម្រាបថា គម្រោងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ស្ថិតនៅក្នុងឧទ្យានជាតិព្រះមនុវង្ស «បូកគោ» ត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាព លោក ជា សុផារ៉ា កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខាអូតែល ធ្លាប់បានបញ្ជាក់ថា ព្រះពុទ្ធបដិមានេះ នឹងចំណាយរយៈពេលសាងសង់ ៤ឆ្នាំ និងចំណាយប្រាក់ចន្លោះពី ៣០លានដុល្លារ ទៅ៤០លានដុល្លារអាមេរិក។
គោលបំណងនៃការសាងសង់រូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះ គឺដើម្បីជាទីសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ ដល់ប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងតំបន់នេះ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃនេះ ក៏នឹងជួយរួមចំណែកទ្រទ្រង់ ដល់វិស័យព្រះពុទ្ធសាសនា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ ជាពិសេសទៀតនោះ នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ មកកាន់តំបន់ភ្នំបូកគោ៕







