នៅថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកានេះ គឺជាថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នៅទន្លេចតុមុខ នាមុខព្រះបរមរាជវាំង ដែលមានទូកងចំនួន ៣៣៨ទូកចូលរួមប្រកួត។ ទូកងប្រមាណ ៣៣៨ ស្មើចំនួន១៦៦គូ ដែលមកពីតាមបណ្តាលរាជធានីខេត្ត ក្នុងនោះក៏មានទូកងមកពីខេត្តកំពង់ចាមជាច្រើនទូកងផងដែរ។

ថ្ងៃនេះឧកញ៉ាញូស៍ សូមណែនាំទូកងមួយទូកដែលត្រូវបានអ្នកឧកញ៉ា ហ៊ុន តូ ឧបត្ថម្ភមកពីខេត្តកំពង់ចាម។ ទូកង «ចៅពេជ្រកុមារបុប្ផាជ្រោយថ្ម» ចំណុះចំនួន ៧៥នាក់ នៅវត្តសុទស្សនារាមជ្រោយថ្ម ស្ថិតនៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ទូកង «ចៅពេជ្រកុមារបុប្ផាជ្រោយថ្ម» សម្រាប់ឆ្នាំ២០២៣នេះ ត្រូវបានឧបត្ថម្ភដោយអ្នកឧកញ៉ា ហ៊ុន តូ និងឧកញ៉ា ឡេង ហួរ ព្រមទាំងលោកជំទាវ។
ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប នៅរាជធានីភ្នំពេញ កាលថ្ងៃទី១ម្សិលមិញ «ចៅពេជ្រកុមារបុប្ផាជ្រោយថ្ម» ជាប់ចំណាត់ថ្នាក់លេខ ៦ នៅទូទាំងប្រទេស។ ទូកងជាការផ្តួចផ្តើម និងឧបត្ថម្ភដោយសម្តេចឧត្តមទេពញាណ ហ៊ុន ណេង អតីតអភិបាលខេត្តកំពង់ចាម ជាបងប្រុសសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ៕


