តើក្រុមហ៊ុន HGB របស់ឧកញ៉ា ង៉ូវ លាងហួត មាន Showroom បង្ហាញរថយន្ត Mazda ប៉ុន្មានសាខា?

ជុំវិញ​ឧកញ៉ា

កាលពីដើមខែ​វិច្ឆិកា​ ឆ្នាំ២០២៣​នេះ លោក​ឧកញ៉ា ង៉ូវ លាងហួត អគ្គនាយក​ក្រុមហ៊ុន HGB Group ​​​បាន​សម្ពោធ​អគារ​តាំង​បង្ហាញ​ (Showroom) រថយន្ត​ Mazda ដ៏​ទំនើប​ថ្មី​មួយ​ទៀត នៅ​ផ្លូវ ៦០ម៉ែត្រ សង្កាត់​ចាក់​អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធី​បើកសម្ពោធអគារតាំងបង្ហាញរថយន្ត Mazda សាខាមានជ័យ ដ៏អស្ចារ្យ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ​​​បាន​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអម​នាយករដ្ឋមន្ត្រី ទទួល​បន្ទុក​អគ្គនាយកដ្ឋាន​ពន្ធដារ និង​​លោក​ឧកញ៉ា ង៉ូវ លាងហួត ម្ចាស់​ក្រុមហ៊ុន​ ​HGB Auto Co, Ltd ដែល​ទទួល​បាន​សិទ្ធិ​លក់​ចែក​ចាយ​ផ្តាច់​មុខ​​រថយន្ត​ Mazda នៅ​ព្រះរាជាណាចក្រកម្ពុជា។

គិត​មក​ទល់​បច្ចុប្បន្ន​ អគារ​តាំង​បង្ហាញ​ (Showroom) រថយន្ត Mazda នៅ​កម្ពុជា មាន​៣​សាខា​ហើយ​គឺ ១)សាខា​ពោធិ៍ចិនតុង ស្ថិត​នៅ​លើ​ផ្លូវសហព័ន្ធរុស្សី ទល់មុខ​រាជបណ្ឌិត្យសភា​កម្ពុជា, ២)សាខា​ព្រះមុន្នីវង្ស ស្ថិត​នៅ​លើផ្លូវ ៤៣២ កែង​ផ្លូវ​ព្រះមុន្នីវង្ស និង​ ៣)សាខា​​មានជ័យ ស្ថិត​​នៅ​លើ​ផ្លូវ​៦០ម៉ែត្រ។ Showroom សាខាទី៣ ជា​អគារ​តាំង​បង្ហាញ​ដ៏​ធំ​ជាង​គេ​ សាងសង់​ឡើង​លើ​ផ្ទៃដី​ប្រមាណ ៣៦០០ម៉ែត្រការ៉េ ជាមួយ​នឹង​ការ​ឌីហ្សាញ​បែប​ធម្មជាតិ​ទំនើប​ទាន់សម័យ មានកន្លែងក្មេងលេង រោងភាពយន្ត កន្លែងស្តាប់តន្ត្រី ​មាន​​កៅអី​អង្គុយ​ម៉ាស្សា​ និង​កន្លែង​លក់​វត្ថុអនុស្សាវរីយ៍ និង​ទី​តាំង​បង្ហាញ​រថយន្ត​នៅ​ជាន់​ក្រោម។

រថយន្ត Mazda បាន​ឈរជើងនៅកម្ពុជារយៈពេល ១១ឆ្នាំ​មក​ហើយ​ ​​និង​ត្រូវ​បាន​អតិថិជន​​​នៅ​កម្ពុជា​ជា​ច្រើន​ យល់​ថា​ជា​រថយន្ត​មួយ​ស្ថិត​ក្នុង​ចំណោម​រថយន្ត​ដែល​មានគុណភាពខ្ពស់ និងមាន​ប្រព័ន្ធបច្ចេកវិទ្យា​ទំនើបចុង​ក្រោយទាន់សម័យ​ផង​ដែរ។

សូម​ជម្រាប​ថា ឧកញ៉ា ង៉ូវ លាងហួត ជា​អ្នក​ជំនួញ​លេចធ្លោ​មួយរូប​នៅ​កម្ពុជា និង​ជា​ម្ចាស់​​ក្រុមហ៊ុន HGB Group ដែលនាំ​ចូល​រថយន្ត​ម៉ាក​ល្បី​ប្រណីតៗ និង​ថ្លៃៗ​បំផុត​នៅ​លើ​ពិភព​លោក​ ចូល​មក​ទីផ្សារ​ប្រទេស​កម្ពុជា។ រថយន្ត​ប្រណីតៗ​ដែល​ក្រុមហ៊ុន​ HGB Group នាំចូល និង​លក់​​ចែក​ចាយ​នៅ​កម្ពុជា មាន​ដូច​ជា៖ Rolls Royce, Bentley, Lamborghini, Aston Martin, McLaren, Maserati, Jeep, RAM, BMW, Volvo, Volkswagen, Kia, Harley-Davidson និង​ Mazda៕