ឧកញ៉ា ជា តុងហ៊ួរ៖ ប្រទេសជាតិរីកចម្រើនដោយមានចាស់ៗស្គាល់ផ្លូវ និងណែនាំដល់យុវជនជំនាន់ក្រោយមានកម្លាំង

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ជា តុងហ៊ួរ ជា ស្ថាបនិក និងជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Khmer Express Realty Co., Ltd និងជាម្ចាស់សៀវភៅ Mind Map យល់ឃើញថា ប្រទេសជាតិរីកចម្រើនបានដោយមានចាស់ៗស្គាល់ផ្លូវ និងណែនាំដល់យុវជនជំនាន់ក្រោយដែលមានកម្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើកឡើងនៅបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឧកញ៉ា ជា តុងហ៊ួរ បានលើកឡើងពីបញ្ហាមួយចំនួនដែលបានកើតឡើងក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ដោយលោកបានមើលឃើញថា មនុស្សចាស់មួយចំនួនកំពុងវក់នឹងរឿងបារមី ចំណែកឯយុវជនក្មេងៗ វក់វីនិងស្រា មិនខិតខំរៀនសូត្រ។

ឧកញ៉ាវ័យក្មេងរូបនេះ បង្ហាញនូវការហួសចិត្តថា ខ្ញុំពិតជាសង្វេគជាតិខេមរា ដែលមានមនុស្សចាស់ៗ វក់នឹងរឿងបារមី ចំណែកឯយុវជន វក់តែនឹងរឿងស្រា។ លោកចោទសួរថា តើអនាគតប្រទេសជាតិទៅជាយ៉ាងណា? សេដ្ឋកិច្ចប្រទេសជាតិនឹងទៅជាយ៉ាងណា ប្រសិនបើ យុវជន និងមនុស្សចាស់ វង្វេងនឹងរឿងបារមី ចោលសៀវភៅ ចោលចំណេះដឹងស្រវ៉ាការសប្បាយ យកស្រា យកបារមីជាទីពឹងហើយនោះ?

ម្ចាស់សៀវភៅ Mind Map សង្កត់ធ្ងន់ថា ប្រទេសជាតិមួយអាចរីកចម្រើនទៅបាន លុះត្រាណាតែមនុស្សចាស់ដែលស្គាល់ផ្លូវមុន ណែនាំដល់ក្មេងជំនាន់ក្រោយជាពិសេសយុវជនដែលមានកម្លាំង។

សូមជម្រាបជូនផងដែរថា ឧកញ៉ា ជា តុងហ៊ួរ ជានិច្ចកាលតែងតែជួយកិច្ចការងារសង្គមជាច្រើន តាមរយៈការផ្ដល់ជាថវិការជូនរាជរដ្ឋាភិបាលកសាងប្រទេសជាតិ ការងារសប្បុរសធម៌ផ្សេងៗ ហើយថ្មីៗនេះ លោកឧកញ៉ា បានដាក់គោលដៅធ្វើដំណើរចំនួន១៩៥ប្រទេស ដើម្បីផ្សព្វផ្សាយពីប្រទេសកម្ពុជា ឱ្យពិភពលោកបានស្គាល់ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកលេងកម្ពុជា បង្កើនចំណូលចូលជាតិផងដែរ។

ឧកញ៉ា ជា តុងហ៊ួរ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» កាលពីឆ្នាំ២០២១កន្លងទៅ៕

អត្ថបទ៖ សុកធា