ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ បានបិទបញ្ចប់កាលពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ហើយលទ្ធផលប្រណាំងទូកគូពិសេសរយៈពេល ៣ថ្ងៃពេញ បានចេញរួចរាល់ ដែលក្នុងនោះទូកចំនួនពីរដែលឧបត្ថម្ភដោយអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប ទទួលបានលទ្ធផលល្អប្រសើរ។
តាមសេចក្តីប្រកាសលទ្ធផលការប្រណាំងទូក «គូពិសេស» របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ទូកចំណាត់ថ្នាក់ លេខ១ បានទៅលើទូក “មហាទន្សាយតេជោសែនជ័យ” របស់ខេត្តកំពង់ចាម ដែលឧបត្ថម្ភដោយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ចំណែកឯទូកឈ្មោះ “តេជោកែវវិជ័យបារមីចៅសែន” ខេត្តពោធិ៍សាត់ ឧបត្ថម្ភដោយលោក កែវ រតនៈ និងអ្នកឧកញ៉ា ទ្រី ភាព ទទួលបានចំណាត់ថ្នាក់លេខ៩ និងទូកឈ្មោះ “ទ្រីភាពសែនជ័យបារមីតេជោ” ខេត្តកណ្តាល ដែលឧបត្ថម្ភដោយអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ទទួលបានចំណាត់ថ្នាក់លេខ៣២ ក្នុងចំណោមទូកងចំនួន ៣៣៨ទូកចូលរួមប្រកួត។
សូមជម្រាបថា អ្នកឧកញ៉ា ទ្រី ភាព និងភរិយា អ្នកឧកញ៉ា គៀន ស្រីនាង បានឧបត្ថម្ភទាំងស្រុងដល់ទូកងឈ្មោះ «ទ្រីភាពសែនជ័យបារមីតេជោ» ជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំនេះ អ្នកឧកញ៉ាក៏បានចាត់អ្នកតំណាងទៅជួបសំណេះសំណាលជាមួយកីឡាករទូក-ង និងគណៈកម្មការទូក ក្រុមការងារ នាំយកថវិកា ៦លានរៀល សម្រាប់ផ្គត់ផ្គង់លើការចំណាយផ្សេងៗ អំឡុងពេលប្រកួត និងសម្រួលដល់ការស្នាក់អាស្រ័យក្នុងពេលប្រកួត រួមមាន អង្ករ ១តោន, សាច់ជ្រូកផាត់ ១០ គីឡូក្រាម, មីកំប៉ុង ៤ កេស, ភេសជ្ជៈបាកាស់ ១០កេស, ប៉ូការិស្វីត ១០ កេស, ទឹកក្រូច ២០ កេស ព្រមទាំង ទឹកបរិសុទ្ធ១០០ យួរ ទៀតផង សម្រាប់ផ្គត់ផ្គង់ និងសម្រួលដល់ ការប្រណាំងទូក ចំនួន បីថ្ងៃពេញ ក្នុងពិធីបុណ្យអុំទូកប្រពៃណីជាតិ៕