អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ត្រៀមធ្វើជាខ្សែប្រយុទ្ធជួរមុខរបស់ក្រុមផ្ការីកគ្រប់រដូវ ដើម្បីប្រកួតបាល់ទាត់មិត្តភាពជាមួយក្រុម ស.ស.យ.ក ខេត្តព្រៃវែង នៅកីឡដ្ឋានខេត្តព្រៃវែង នារសៀលថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ។
ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីប្រមូលថវិកាជួយដល់មណ្ឌលកុមារកំព្រាខេត្តព្រៃវែង និងចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា និងថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។
កម្មវិធីប្រកួតបាល់ទាត់មិត្តភាពនេះ បានបែងចែកជា២វគ្គគឺ វគ្គទី១ ការប្រកួតរវាង U12 ខេត្តព្រៃវែង ទល់នឹង U12 ផ្ការីកគ្រប់រដូវ និងវគ្គទី២ ការប្រកួតរវាង ថ្នាក់ដឹកនាំខេត្តព្រៃវែង ទល់នឹងក្រុមផ្ការីកគ្រប់រដូវ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំជាច្រើនរូប ក៏នឹងអញ្ជើញចូលរួមផងដែរ ក្នុងនោះរួមមាន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា, ឯកឧត្តមតំណាងរាស្រ្តខេត្តព្រៃវែង, អភិបាលខេត្តព្រៃវែង, លោកស្នងការខេត្តព្រៃវែង, រដ្ឋលេខាធិការ, ប្រធាន ស.ស.យ.ក ខេត្តព្រៃវែង និងអ្នកឧកញ៉ា លាង ម៉េង ដែលជាម្ចាស់ឧបត្ថម្ភធំភេសជ្ជៈប៉ូវកម្លាំង Wurkz។
នេះគឺជាលើកទី៤ហើយ ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សហការឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារ បន្ថែមទៀត ដល់ក្រុមកីឡាបាល់ទាត់ ផ្ការីកគ្រប់រដូវ ដើម្បីជូនដល់មណ្ឌលកុមារកំព្រាខេត្តព្រៃវែង ខណៈដែលកាលពីលើកទីមួយ ក្រុមហ៊ុនផលិតភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស ក៏បានរៀបចំការប្រកួតនៅខេត្តបាត់ដំបង ដោយថែមទាំងបានយក Helicopter និងឡានទំនើប Rolls-Royce ២គ្រឿង ដឹកកីឡាករទៅចូលរួមប្រកួត ដើម្បីប្រមូលមូលិធិទៅបរិច្ចាគដល់មន្ទីរពេទ្យគុន្ធបុប្ផា។
លើកទី២ ខ្មែរ ប៊ែវើរីជីស បានរៀបចំការប្រកួតបាល់ទាត់ នៅខេត្តកំពង់ស្ពឺ ដើម្បីប្រមូលមូលនិធីជូនមន្ទីរពេទ្យគន្ធបុប្ផា និងបានឧបត្ថម្ភបន្ថែមទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ ចូលទៅកាន់មូលនិធិគន្ធបុប្ផា។ ឯលើកទី៣ គឺបានផ្ដួចផ្ដើម ការប្រកួតនៅភ្នំពេញ ដើម្បីប្រមូលថវិការជូនអតីតកីឡាករបាល់ទាត់ជម្រើសជាតិ ហួត សុគន្ធា ដែលកំពុងតស៊ូប្រយុទ្ធជាមួយនឹងជំងឺ ហើយ ខ្មែរ ប៊ែវើរីជីស ប្រកាសឧបត្ថម្ភថវិកាបន្ថែម ៨៨៨៨ដុល្លារ។
សូមជម្រាបជូនថា អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាសហគ្រិនខ្មែរមួយរូប ដែលតែងតែចូលរួមក្នុងសកម្មភាពសង្គម និងកិច្ចការងារសប្បុរសធម៌ តាមរយៈការបរិច្ចាគនូវកម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន។ ជាពិសេស អ្នកឧកញ៉ា តែងលើកស្ទួយវិស័យកីឡានៅកម្ពុជា ដោយកន្លងមក អ្នកឧកញ៉ា បានចូលរួមឧបត្ថម្ភគាំទ្រលើផ្នែកថវិកាយ៉ាងពេញទំហឹង ដើម្បីបង្កើតឡើងនូវព្រឹត្តិការណ៍កីឡាផ្សេងៗ ទាំងកីឡាប្រដាល់គុនខ្មែរ កីឡាបាល់ទាត់ និងកីឡាបាល់ទះ ផងដែរ៕