អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស បានក្លាយជាសមាជិកថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ។

អ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស និងជាម្ចាស់រីសត ជាច្រើនកន្លែង រួមទាំង កោះស្តេចរីសត, កោះអភិជន រីសត, ភីដូម៉ា រីសត (Pidoma Resort) និងឧទ្យានបោះតង់គិរីរម្យ ព្រមទាំងរីសត ជាច្រើនកន្លែងទៀត នៅតាមបណ្តាខេត្តមួយចំនួន។ លោកត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។

សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន មានសភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ចំនួនសរុប១៨ ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្មកម្ពុជា។
សភាពាណិជ្ជកម្ម គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស៕